កម្ពុជា-អាមេនី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសេដ្ឋកិច្ច
ភ្នំពេញ៖ ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម នីកុល ប៉ាស៊ីនយ៉ាន (Nikol Pashinyan)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី។ក្នុងជំនួបសមភាគីទាំង២ ក្រៅពីការឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការពារជាតិ សម្តេចធិបតីក៏បានជម្រាបជូនមេដឹកនាំអាមេនី អំពីការវិវត្តថ្មីៗ និងជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីផងដែរ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម នីកុល ប៉ាស៊ីនយ៉ាន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី បានកោតសរសើរ និងអបអរសាទរយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ មេដឹកនាំអាមេនី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងជឿជាក់ថា ជំនួបកំពូលនាពេលនេះ នឹងបើកទំព័រកាលានុវត្តភាពថ្មីបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា កម្ពុជា និងអាមេនី នៅមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកជាមួយគ្នា ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។ ក្នុងនោះ មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើវិស័យយុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងវិស័យការពារជាតិ។
អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ក្នុងជំនួបនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូននាយករដ្ឋមន្ត្រីអាមេនី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។សម្តេចធិបតី បានសង្កត់ធ្ងន់លើជំហរឥតងាករេរបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ ៕





ដោយ៖ វណ្ណលុក