នាយករដ្ឋមន្ត្រី កាណាដា លើកយកសំណើវិនិយោគទៅបង្ហាញក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃអាទិត្យ បានលើកយកសំណើដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកាណាដា ទៅបង្ហាញជូនក្រុមប្រទេសដែលភាគច្រើននិយាយភាសាបារាំង អំឡុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ រៀបចំធ្វើនៅក្នុងប្រទេសកម្ពុជា។
លោក Carney បានថ្លែងជាភាសាបារាំង នៅក្នុងព្រឹត្តិការណ៍ FrancoTech ដែលជាវេទិកាបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗរបស់បណ្តាប្រទេស និងតំបន់ដែលនិយាយភាសាបារាំងថា «បច្ចុប្បន្ននេះ ប្រទេសកាណាដាគឺជាកន្លែងដ៏ល្អបំផុតមួយនៅលើពិភពលោកសម្រាប់ការវិនិយោគ»។
បើតាម The Canadian Press, ប្រទេសកាណាដាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៨។
ក្នុងពេលមានវត្តមាននៅកម្ពុជា, នាយករដ្ឋមន្ត្រីកាណាដារូបនេះ មានគម្រោងពិភាក្សាជាមួយមេដឹកនាំជាច្រើនរូប ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកាណាដា។
បច្ចុប្បន្ន លោក Mark Carney កំពុងស្ថិតនៅក្នុងតំបន់អាស៊ីដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលចំនួនបី ហើយលោកបានកំណត់យកការធ្វើពិពិធកម្មពាណិជ្ជកម្ម ជាចំណុចស្នូលដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចរបស់លោក៕
ប្រភព ៖ The Canadian Press, ប្រែសម្រួល ៖ សារ៉ាត
