អ៊ីរ៉ង់ ថា ស្ថិរភាពនៅមជ្ឈិមបូព៌ាមិនអាចវិលមកដូចដើមវិញទេ បើសិនមិនបញ្ឈប់សង្គ្រាមរបស់ អ៊ីស្រាអែល នៅ លីបង់

តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាហ្គ័រ ហ្គាលីបាហ្វ បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ា មិនអាចវិលត្រឡប់មកវិញបានឡើយ ប្រសិនបើសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់មិនត្រូវបានបញ្ចប់ ហើយអធិបតេយ្យភាពរបស់លីបង់លើទឹកដីទាំងមូលមិនត្រូវបានស្ដារឡើងវិញ ។

ការអះអាងបែបនេះរបស់លោក ហ្គាលីបាហ្វ ធ្វើឡើងក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានសភាលីបង់ លោក ណាប៊ី ប៊ែរី កាលពីថ្ងៃចន្ទ ដោយមេដឹកនាំសភាទាំងពីរបានជជែកអំពីការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងទំនាក់ទំនងទ្វេភាគី នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានសភាលីបង់ ។

បើតាម Anadolu, ប្រធានសភាអ៊ីរ៉ង់បានលើកឡើងថា តាមការយល់ឃើញរបស់អ៊ីរ៉ង់ ស្ថិរភាពពីមុននឹងមិនអាចវិលត្រឡប់មកកាន់តំបន់មជ្ឈិមបូព៌ាវិញបានទេ ប្រសិនបើសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់មិនត្រូវបានបញ្ចប់ ហើយអធិបតេយ្យភាពរបស់លីបង់លើទឹកដីទាំងមូលមិនត្រូវបានស្ដារឡើងវិញ ។

លោក ហ្គាលីបាហ្វ បានអះអាងថា បច្ចុប្បន្ន អ៊ីរ៉ង់ក៏កំពុងយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់ នៅក្នុងដំណើរការជំរុញការទាមទារ និងលក្ខខណ្ឌរបស់ខ្លួន ក្នុងកិច្ចចរចាបញ្ឈប់ជម្លោះជាមួយអាមេរិកផងដែរ ។

ជាការឆ្លើយតប ប្រធានសភាលីបង់បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការដកកងកម្លាំងអ៊ីស្រាអែលចេញពីទឹកដីលីបង់ ដោយយោងតាមសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

សេចក្តីសម្រេចដែលត្រូវបានអនុម័តជាឯកច្ឆន្ទនៅឆ្នាំ២០០៦មួយនេះ បានអំពាវនាវឱ្យបញ្ឈប់អរិភាពរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡា ព្រមទាំងទាមទារឱ្យកងកម្លាំងអ៊ីស្រាអែលដកចេញពីទឹកដីលីបង់ ខណៈកងទ័ពលីបង់ និងកងកម្លាំងរក្សាសន្តិភាពយូអិន នឹងចូលទៅដាក់ពង្រាយនៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ។

លោក ប៊ែរី បានសង្កត់ធ្ងន់ថា ទោះបីជាមានកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្របសម្រួលដោយអាមេរិកកាលពីខែមិថុនាក៏ដោយ ក៏ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ នៅតែបន្តចាប់តាំងពីខែមីនាមក ។

លោកថា កិច្ចព្រមព្រៀងនេះបានកំណត់ឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលជាដំណាក់កាលៗ ខណៈកងទ័ពលីបង់វិញ នឹងទទួលខុសត្រូវលើសន្តិសុខនៅតាមតំបន់ដែលបានកំណត់ ។ ប៉ុន្តែបច្ចុប្បន្ន កងកម្លាំងអ៊ីស្រាអែលនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីភាគខាងត្បូងប្រទេសលីបង់ដដែល ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner