ម៉ាឡេស៊ី អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ និងជាអចិន្ត្រៃយ៍នៅ ហ្គាហ្សា
ម៉ានីល ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានទទូចឱ្យមានបទឈប់បាញ់បន្ទាន់ និងជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា ព្រមទាំងទាមទារឱ្យមានការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងការការពារដល់បុគ្គលិកមនុស្សធម៌ដែលកំពុងបំពេញបេសកកម្មនៅក្នុងទឹកដីប៉ាឡេស្ទីន ។
ការអំពាវនាវរបស់លោក អាន់វ៉ា នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ (UN-ASEAN) លើកទី១៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ។
បើតាម Anadolu, មេដឹកនាំម៉ាឡេស៊ីរូបនេះ ថែមទាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីលំនៅឋាននៅតំបន់ West Bank ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល ព្រមទាំងស្ថានភាពមនុស្សធម៌ដែលកាន់តែដុនដាបខ្លាំងនៅតំបន់ហ្គាហ្សា ។
លោក អាន់វ៉ា បានបញ្ជាក់តាមបណ្តាញសង្គម X ថា ម៉ាឡេស៊ីថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើឃោរឃៅដែលកំពុងបន្ត ការបង្ខំឱ្យប្រជាជនផ្លាស់ទីលំនៅ និងការបង្អត់អាហារលើប្រជាជនប៉ាឡេស្ទីន ។ ទន្ទឹមគ្នា លោក អាន់វ៉ា ថែមទាំងបានទាមទារឱ្យប៉ាឡេស្ទីនទទួលបានសមាជិកភាពពេញលេញនៅក្នុងអង្គការសហប្រជាជាតិផងដែរ ។
ការថ្កោលទោសរបស់នាយករដ្ឋម៉ាឡេស៊ីរូបនេះ កើតឡើងចំពេលមានការកើនឡើងអំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ពីសំណាក់អ្នកតាំងទីលំនៅអ៊ីស្រាអែលក្នុងតំបន់ West Bank ព្រមទាំងស្ថានភាពទឹកជំនន់នៅតំបន់ហ្គាហ្សា ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
