លោក Trump ថា លោកអាចនឹងជួបមេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចនៅអាស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកអាចនឹងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសចិន ក្នុងអំឡុងដំណើរទស្សនកិច្ចការទូតនៅតំបន់អាស៊ីនាពេលខាងមុខនេះ ។
នៅពេលចាកចេញពីសេតវិមាន កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ថា លទ្ធភាពនៃជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង គឺអាស្រ័យលើការសម្រេចចិត្តរបស់លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។
បើតាម Anadolu, ក្នុងអាណត្តិប្រធានាធិបតីអាមេរិកដំបូងរបស់ខ្លួន លោក ដូណាល់ ត្រាំ បានជួបជាមួយលោក គីម ជុងអ៊ុន ចំនួន៣លើក ។ ជំនួបដំបូងបានធ្វើឡើងនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំកំពូលលើកដំបូងបង្អស់រវាងប្រធានាធិបតីអាមេរិកកំពុងកាន់តំណែង និងមេដឹកនាំកូរ៉េខាងជើង ។
បន្ទាប់មក មេដឹកនាំទាំងពីរបានជួបគ្នាពីរលើកទៀតក្នុងឆ្នាំ២០១៩ គឺនៅទីក្រុងហាណូយ ប្រទេសវៀតណាម និងនៅតំបន់ប៉ានមុនជុម ស្ថិតនៅតាមបណ្តោយព្រំដែនកូរ៉េទាំងពីរ ។ ក្នុងជំនួបលើកចុងក្រោយនោះ លោក ត្រាំ បានឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើងក្នុងរយៈពេលខ្លីផងដែរ ។
យ៉ាងណា គិតមកទល់ពេលនេះ ខាងភាគីកូរ៉េខាងជើងនៅមិនទាន់បានបញ្ជាក់ពីការរៀបចំជំនួបរវាងលោក ត្រាំ និងលោក គីម នៅឡើយទេ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
