លោក ម៉ាក្រុង ផ្តើមដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅម៉ាឡេស៊ី

គូឡាឡាំពួ ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ខណៈដែលប្រទេសទាំងពីរស្វែងរកការលើកកម្ពស់ទំនាក់ទំនងដ៏យូរលង់ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។

ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីបានរាយការណ៍ថា លោក ម៉ាក្រុង បានមកដល់ទីក្រុងគូឡាឡាំពួសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ហើយដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងដែលលោក ម៉ាក្រុង បានមកកាន់ប្រទេសម៉ាឡេស៊ី ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ ២០១៧ មក។

អមដំណើរលោក ម៉ាក្រុង គឺភរិយារបស់លោក គឺលោកស្រី Brigitte Macron ព្រមទាំងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមួយចំនួនទៀត។

បើតាម anadolu, ពាណិជ្ជកម្មរវាងប្រទេសម៉ាឡេស៊ី និងប្រទេសបារាំង មានទំហំសរុបចំនួន ៤,១៧ ពាន់លានដុល្លារ។ ការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសបារាំងមានចំនួន ១,៤១ ពាន់លានដុល្លារ ដែលក្នុងនោះផលិតផលអគ្គិសនី និងអេឡិចត្រូនិកមានចំណែកធំជាងគេ។

ការនាំចូលពីប្រទេសបារាំងមានចំនួន ២,៧៦ ពាន់លានដុល្លារ ដែលភាគច្រើនជាឧបករណ៍ដឹកជញ្ជូន គ្រឿងចក្រ និងសារធាតុគីមី។ ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មធំទី ២១ របស់ម៉ាឡេស៊ីនៅលើពិភពលោក និងជាដៃគូធំទី ៤ ក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុប៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner