UN ប្រកាសគាំទ្រជំនួបកំពូលអាមេរិក-ចិន-រុស្ស៊ី ស្តីពីការបំបាត់អាវុធនុយក្លេអ៊ែរ

អ.ស.ប ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN កាលពីថ្ងៃចន្ទ បានប្រកាសត្រៀមខ្លួនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចកើតចេញពីគម្រោងជំនួបកំពូលរវាងសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលអាចនឹងកើតចេញពីកិច្ចប្រជុំកំពូលរវាងចិន រុស្ស៊ី និងសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ទោះបីជាលទ្ធផលបែបនេះមិនទាន់មានភាពច្បាស់លាស់ក៏ដោយ។

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនៅទីក្រុងម៉ានីល ខណៈកំពុងចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ថា «ប្រសិនបើមានកម្មវិធីលុបបំបាត់អាវុធនុយក្លេអ៊ែរ យើងត្រៀមខ្លួនចូលរួមយ៉ាងពេញទំហឹង និងរួមចំណែកធ្វើឱ្យវាទទួលបានជោគជ័យ»។

លោកបានបន្ថែមនៅក្នុងសន្និសីទសារព័ត៌មានមួយថា «នេះជាអ្វីដែលយើងចង់ឃើញ ប៉ុន្តែវាមិនទាន់មានការធានាថា យើងនឹងអាចសម្រេចបាននូវចំណុចនោះនៅឡើយទេ»។

សេតវិមានបានឱ្យដឹងកាលពីសប្តាហ៍មុនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំមួយនៅប្រទេសចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា ជាមួយសមភាគីរុស្ស៊ី និងចិន គឺលោក Vladimir Putin និងលោក Xi Jinping។

បើតាម CNA, លោក Putin, លោក Xi និងលោក Trump គ្រោងនឹងជួបគ្នា នៅក្រៅកិច្ចប្រជុំនៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិកសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (APEC) នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner