អ៊ុយក្រែនវាយប្រហារដោយប្រើដ្រូនទ្រង់ទ្រាយធំបំផុតលើរុស្ស៊ី តាំងពីផ្ទុះសង្គ្រាម
មូស្គូ ៖ រុស្ស៊ី អះអាង កាលពីថ្ងៃចន្ទថា អ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូនទ្រង់ទ្រាយធំបំផុតលើមកខ្លួន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើង ក្នុងឆ្នាំ ២០២២។
យោងតាមទិន្នន័យពីក្រសួងការពារជាតិរុស្ស៊ី, អ៊ុយក្រែនបានវាយប្រហារលើស្ពានដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ នេះគឺជាការវាយប្រហារដោយប្រើដ្រូនដ៏ធំបំផុតមួយលើរុស្ស៊ី ក្នុងរយៈពេលមួយយប់ ចាប់តាំងពីផ្ទុះសង្គ្រាមពេញទំហឹង។
បើតាមប្រភព, កងកម្លាំងការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ១.៣៣៦ គ្រឿង នៅតាមតំបន់ចំនួន ១៦ ដែលចំនួននេះ លើសពីចំនួន ១.២៥៤ គ្រឿង ដែលត្រូវបានកត់ត្រាថា បានបាញ់ទម្លាក់ កាលពីថ្ងៃទី ២៩ ខែតុលា។
លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានថ្លែងថា យន្តហោះដ្រូនរបស់អ៊ុយក្រែនប្រហែល ៦០០ គ្រឿង ត្រូវបានបាញ់សំដៅទៅកាន់តំបន់ជុំវិញរដ្ឋធានីរបស់រុស្ស៊ី ចាប់តាំងពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកាមក ដោយក្នុងនោះ មាន ១៩១ គ្រឿងត្រូវបានបាញ់ទម្លាក់។
បើតាម straitstimes, ទំហំ និងភាពញឹកញាប់នៃការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានកើនឡើង ខណៈដែលរុស្ស៊ីក៏បានបង្កើនការវាយប្រហារដោយប្រើដ្រូន និងមីស៊ីលរបស់ខ្លួនផងដែរ នៅក្នុងសង្គ្រាមដ៏តានតឹងមួយដែលភាគីទាំងសងខាងកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។
ការវាយប្រហារទាំងនេះនៅតែបន្តកើតមាន ទោះបីជាមានកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) កាលពីសប្តាហ៍មុន ដែលជាកិច្ចចរចាលើកដំបូងក្នុងរយៈពេល ៩ ខែ ក៏ដូចជា កិច្ចប្រជុំដាច់ដោយឡែករវាងតំណាងពិសេសរបស់សហរដ្ឋអាមេរិកចំនួន ២ រូប ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏ដោយ៕
ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត
