កេរ្តិ៍ឈ្មោះកម្ពុជាផុសអណ្តែតលើឆាកអន្តរជាតិក្រោយជោគជ័យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី

កេរ្តិ៍ឈ្មោះកម្ពុជាផុសអណ្ដែតលើឆាកអន្តរជាតិ ក្រោយជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំ​ពូល​ហ្វ្រង់​កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥–១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសជាច្រើនក្នុងពិភពលោកចូលរួម ជាពិសេសវត្តមានប្រធានា​ធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង។
 
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា កិច្ចប្រជុំកំ​ពូល​ហ្វ្រង់​កូហ្វូនី និងដំណើរទស្សនៈកិច្ចរបស់ប្រធា​នាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង​មកកម្ពុជា បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា តាមរយៈការផ្សព្វ​ផ្សាយពីព័ត៌មានជាតិ និងសារព័ត៌មានអន្តរជាតិ។
 
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ស្នាមញញឹម និងការទទួលរាក់ទាក់ពីប្រជាជនកម្ពុជា ធ្វើឲ្យប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅកម្ពុជា ចង់ចាំមិនភ្លេចឡើយ។ បើតាមឯកឧត្តម ប៉ែន បូណា សមិទ្ធផលទាំងនេះ គឺជាផ្នែកមួយកើតចេញពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
 
ចំណែកប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាវិញ ក៏បានចូលរួមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះភាពជោគ​ជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ។ សហភាពអឺរ៉ុប​កោតសរសើរចំពោះការរៀបចំ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្តង់ដារសន្តិសុខកម្រិតខ្ពស់របស់កម្ពុជា ដែលបានផ្តល់ជូនគណៈប្រតិភូជាន់ខ្ពស់នានា ក្នុងនោះមានរដ្ឋសមាជិកសហភាពអឺរ៉ុបជាច្រើន។
 
សូមបញ្ជាក់ថា កម្ពុជា​បានបិទបញ្ចប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ជា​មួយលទ្ធផលដ៏ត្រចះត្រចង់ ព្រោះកិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃបណ្តារដ្ឋ និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីចំនួន ៨១។ ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២៣ចូលរួម គឺស្មើនឹង ៩០% នៃសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុប ៩០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌​មាន នា​ថ្ងៃទី១៦ ​វិច្ឆិកា៕

សេង បារាំង AMS

ads banner