ឯកឧត្តម ហ៊ុន ម៉ានី៖ ហានិភ័យទាំងក្នុងនិងក្រៅ បន្តគំរាមកំហែងលើការអភិវឌ្ឍសម្បត្តិវប្បធម៌កម្ពុជា
ប្រទេសកម្ពុជាបានរៀបចំពិធីអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិកអង្គការយូណេស្កូ ដោយមានការសម្ពោធបើកពិព័រណ៍រូបថត និងសៀវភៅអនុស្សាវរីយ៍ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសារមន្ទីរជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើននៃអរិយធម៌ និងជាបុរេលក្ខខណ្ឌដ៏ចាំបាច់ មិនអាចខ្វះបាន សម្រាប់ការថែរក្សា អភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌របស់ជាតិ។ ជាក់ស្តែង មានតែពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពប៉ុណ្ណោះទេ ដែលយើងមានលទ្ធភាពគ្រប់គ្រាន់ និងលក្ខខណ្ឌអំណោយផល ក្នុងការថែរក្សា ស្តារឡើងវិញ អភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ ដែលដូនតាបានបន្សល់ទុក»។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងបរិការណ៍នៃការកើនឡើងនូវបញ្ហាប្រឈម និងហានិភ័យពីកត្តាខាងក្រៅ និងកត្តាខាងក្នុង ជាពិសេសសង្គ្រាមរវាងប្រទេសនានា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល បញ្ហាគ្រោះធម្មជាតិ ហានិភ័យចំពោះអធិបតេយ្យជាតិ និងបូរណភាពទឹកដី បាន និងកំពុងបន្តគំរាមកំហែងមកលើចីរភាព និងនិរន្តរភាពនៃការអភិរក្ស និងការអភិវឌ្ឍសម្បត្តិវប្បធម៌របស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ដោយក្តីសោកស្តាយ ចំពោះការខូចខាតបេតិកភណ្ឌកម្ពុជា កាលពីឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់ថា ទោះបីជាមានការប្តេជ្ញាចិត្តជាអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការការពារសម្បត្តិវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិក៏ដោយ ក៏ជម្លោះប្រដាប់អាវុធនៅតែបន្តបង្កការគំរាមកំហែង និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃទាំងនេះ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៥ បេតិកភណ្ឌវប្បធម៌មួយចំនួនរបស់កម្ពុជា ត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមដែលយើងបានរងគ្រោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូ ដែលបានបំពេញតួនាទីក្នុងការរួមចំណែកទប់ស្កាត់ការខូចខាតបន្ថែមទៀត ព្រមទាំងផ្តល់ការគាំទ្រក្នុងការការពារ អភិរក្ស និងស្តារឡើងវិញ នូវបេតិកភណ្ឌដែលរងផលប៉ះពាល់ ស្របតាមអភិក្រម «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ – ការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស» ដែលជាទស្សនៈដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ចំណែកឯកឧត្តម Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់យូណេស្កូ និងកម្ពុជា ក្រោមព្រះរាជតួនាទីដ៏សំខាន់របស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងការការពារបេតិកភណ្ឌពិភពលោកទាំង៥ និងបេតិកភណ្ឌអរូបីទាំង៧ របស់កម្ពុជា រួមទាំងកិច្ចអភិរក្សបន្ទាន់នៅប្រាសាទព្រះវិហារ និងការធ្វើឌីជីថលនីយកម្មបណ្ណសារសារមន្ទីរទួលស្លែង។
អគ្គនាយកអង្គការយូណេស្កូ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរយៈពេល ៧៥ឆ្នាំនេះ ជាសក្ខីភាពនៃភាពរឹងមាំ ភាពធន់ ការកសាងឡើងវិញ និងទំនុកចិត្តរវាងកម្ពុជា និងយូណេស្កូ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីបម្រើប្រជាជនកម្ពុជា៕
ដោយ៖ ង៉ាន់ ទិត្យ


