រកឃើញត្រយងចង្កំកស ដែលជិតផុតពូជកើនឡើងក្នុងដែនជម្រកសត្វព្រៃលំផាត់រយៈពេល៥ឆ្នាំចុងក្រោយ
លទ្ធផលជំរឿនក្នុងឆ្នាំ២០២៦ បានកត់ត្រាសត្វត្រយងចង្កំកសចំនួន ៣៨ក្បាល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី និងមណ្ឌលគិរី។ ការរកឃើញនេះ ជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០២០ដល់២០២៥។ ចំនួននេះលើសពីកំណត់ត្រាខ្ពស់បំផុតពីពេលមុនដែលមានចំនួន ត្រឹមតែ ៣០ក្បាលប៉ុណ្ណោះ។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២៦នេះថា ចំនួននៃការកើនឡើងនេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈក្រសួងបរិស្ថាន និងអង្គការដៃគូ។
សម្រាប់អង្គការជីវិតធម្មជាតិនៅកម្ពុជា បានអធិប្បាយថា លទ្ធផលនៃការកត់ត្រាសត្វត្រយងចង្កំកសនេះបានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងបញ្ជាក់បន្ថែមពីសារៈសំខាន់របស់ដែនជម្រកសត្វព្រៃលំផាត់ ក្នុងនាមជាតំបន់ដ៏សំខាន់សម្រាប់គាំទ្រដល់ការរស់រានមានជីវិតរបស់ប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកលនេះ។
អង្គការដដែលបន្ថែមថា លទ្ធផលទាំងនេះ គឺបន្ទាប់ពីសហការជាមួយក្រសួងបរិស្ថានខិត ខំការពារ និងស្តារត្រពាំងធម្មជាតិ ជាតំបន់ដីសើមតាមរដូវ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ ការ ពា រ សំបុកសត្វត្រយងចង្កំកស និងជំរឿនចំនួនប្រជាសាស្ត្ររបស់វាជារៀងរាល់ឆ្នាំ ចាប់ពីខែកក្កដា ដល់ខែតុលា ទើបធ្វើឲ្យចំនួននេះកើនឡើង។
សត្វត្រយងចង្កំកស មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN។ សត្វប្រភេទមានចំនួនប្រហែល ១ពាន់ក្បាល នៅលើពិភពលោក ក្នុងនោះ ប្រទេសកម្ពុជាមានចំនួនប្រមាណ ៧៨៤ ដល់ ៧៩២ក្បាល ស្មើនឹងប្រហែល ៨៧% ទៅ ៩៥% នៃចំនួនសរុបនៅលើពិភពលោក។
សត្វស្លាបជិតផុតពូជប្រភេទនេះ ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦ សានប្រទេសប្រទេសកម្ពុជា ដូចជានៅខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប៕
ដោយ៖សេង បារាំង


