កម្ពុជាទទួលបានសមិទ្ធផលជាច្រើនក្រោយចូលជាសមាជិកអង្គការយូណេស្កូរយៈពេល៧៥ឆ្នាំមកនេះ
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញសមិទ្ធផលជាច្រើនរបស់កម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ៧៥ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ និងពិធីសម្ពោធពិព័រណ៍រូបថត សៀវភៅអនុស្សាវរីយ៍ នៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តមបណ្ឌិត ខាលេដ អែល-អេណានី (Khaled El-Enany) អគ្គនាយកអង្គការយូណេស្កូផងដែរ។
លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា៖ «ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥១ កម្ពុជាបានបញ្ជាក់ពីឆន្ទៈក្នុងការរួមចំណែកកសាងពិភពលោកមួយ ដែលផ្អែកលើសន្តិភាព ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើងបានឆ្លងកាត់ដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រជាតិ។ កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញ ការការពារបេតិកភណ្ឌរបស់យើង និងការអភិវឌ្ឍស្ថាប័នជាតិ។ ប្រវត្តិសាស្ត្រនេះ គឺជាប្រវត្តិសាស្ត្រនៃភាពជាដៃគូអន្តរជាតិ ប៉ុន្តែក៏ជាប្រវត្តិសាស្ត្រនៃភាពធន់ និងការរស់ឡើងវិញនៃវប្បធម៌របស់ប្រជាជនកម្ពុជាផងដែរ»។
លោកជំទាវបានរំលេចថា ជាក់ស្ដែងនៅឆ្នាំ១៩៩២ ការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ តាមរយៈសាមគ្គីភាពអន្តរជាតិ និងការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្សអង្គរ កម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីដ៏ទូលំទូលាយមួយ ដើម្បីការពារ និងជួសជុលអភិរក្សបេតិកភណ្ឌដ៏វិសេសវិសាលនេះ។
លោកជំទាវអះអាងថា កិច្ចសហប្រតិបត្តិការនេះបានបន្តភាពរឹងមាំ និងដែលបាននាំទៅដល់ការចុះបញ្ជីប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ តំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧ ប្រាសាទកោះកេរនៅឆ្នាំ២០២៣ និងបូជនីយដ្ឋាននៃការចងចាំនៅឆ្នាំ២០២៥ ដែលរួមមាន អតីតពន្ធនាគារ M-13 សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ យោងតាមរដ្ឋមន្រ្តីក្រសួងវប្បធម៌ សមិទ្ធផលទាំងនេះបានបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការថែរក្សាតម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌទាំងនេះ។
ពិព័រណ៍រូបថត ព្រមទាំងសៀវភៅអនុស្សាវរីយ៍ដែលបានរៀបចំឡើងសម្រាប់ខួបអនុស្សាវរីយ៍នេះ អនុញ្ញាតឱ្យកម្ពុជា និងយូណេស្កូរំលឹកឡើងវិញពីដំណាក់កាលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរយៈពេល៧៥ឆ្នាំកន្លងមក។ លោកជំទាវ ភឿង សកុណា បញ្ជាក់ថា ស្នាដៃទាំងនេះបានបង្ហាញនូវការគោរព និងការដឹងគុណចំពោះស្ថាប័ន អ្នកជំនាញ អ្នកស្រាវជ្រាវ សិល្បករ និងសហគមន៍ទាំងឡាយ ដែលបានរួមចំណែកក្នុងប្រវត្តិសាស្ត្ររួមនេះ។ ស្នាដៃទាំងនេះក៏ជាសក្ខីភាពដ៏មានតម្លៃ ដែលមានគោលបំណងផ្ទេរតម្លៃនៃសាមគ្គីភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិទៅកាន់មនុស្សជំនាន់ក្រោយផងដែរ។
ដោយឡែក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការកសាងសន្តិភាព និងការបម្រើឧត្តមប្រយោជន៍មនុស្សជាតិដែរ៕
សេង បារាំង AMS


