ស្ត្រីជាទណ្ឌិត៤៩នាក់ មានអាទិភាពក្នុងការស្នើលើកលែងទោស និងបន្ធូរបន្ថយទោសនៅថ្ងៃនេះ
ភ្នំពេញ ៖នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី-ខេត្ត ពន្ធនាគាររាជធានី-ខេត្ត ចំនួន១៨ និងមណ្ឌលអប់រំកែប្រែចំនួន៤ ដែលបានស្នើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០១៩នេះ លើបញ្ជីទណ្ឌិតដែលស្នើអនុគ្រោះទោសសរុប៤៦០រូប ដោយមានស្ត្រី៤៩រូប។
លោក សុច សុផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌក្រសួងយុត្តិធម៌ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងចំណោមទណ្ឌិតទាំង៤៦០រូបនេះ គឺមានស្ត្រីចំនួន ៤៩នាក់។ ស្ត្រីទាំង៤៩រូបនេះ គឺទទួលបានអាទិភាព ក្នុងការស្នើលើកលែងទោស និងបន្ធូរបន្ថយ ទោស ដែលត្រូវបានយកចិត្តទុកដាក់បំផុត។ លោកបន្តថា ក្រសួងយុត្តិធម៌នឹងពិនិត្យឱ្យបានល្អិតល្អន់ លើឯកសារពាក់ព័ន្ធ មានដូចជា សាលក្រម សាលដីកាស្ថាពរ ដែលត្រូវស្នើទៅព្រះមហាក្សត្រ ដើម្បី លើកលែងទោស និងបន្ធូរបន្ថយទោស។
ទោះបីយ៉ាងណា ក្រសួងយុត្តិធម៌ គឺក៏បានពិនិត្យទៅលើអំពើរបស់ទណ្ឌិតនីមួយៗផងដែរ ដូចជា អំពើ កាចសាហាវ មិនរាងចាល ឬធ្វើឱ្យប៉ះពាល់ធ្ងន់ដល់សង្គមដែរឬទេ?
លោកបន្តថា ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា គឺស្ត្រីជាប់ឃុំទាំងអស់ ទទួលបានសិទ្ធិអាទិភាពក្នុងការពិនិត្យលើកលែងទោស និងបន្ធូរបន្ថយ ទោស គ្រប់ពេលវេលា មិនមែនត្រឹមតែឱកាសពិធីបុណ្យចូលឆ្នាំប៉ុណ្ណោះទេ៕ធ.ដ