លោក ត្រាំ ថា នឹងជួបលោក ពូទីន, លោក ស៊ី ជីនភីង និងលោក គីម ជុងអ៊ុន ក្នុងពេលតែមួយ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះថា លោកនឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, ប្រធានាធិបតីចិន លោក ស៊ី ជីនភីង និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលតែមួយនៅឯប្រទេសចិន ។
ការប្រកាសអំពីគម្រោងជំនួប ៣ ភាគីដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ កើតមានឡើង ក្នុងអំឡុងពេលចាប់ផ្តើមហោះហើរចាកចេញពីអាមេរិក ឆ្ពោះដំណើរមកកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មុននឹងបន្តទៅចូលរួមកិច្ចប្រជុំ APEC រយៈពេល ២ ថ្ងៃនៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ។
ថ្លែងមុនពេលចាកចេញពីសេតវិមានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ, លោក ត្រាំ លើកឡើងថា «ជំនួបជាមួយមេដឹកនាំទាំង ៣ ក្នុងពេលតែមួយគឺរឿងល្អ ព្រោះគឺជាឱកាសសម្រេចបានសមិទ្ធផលជាច្រើន» ។
លោក ត្រាំ និយាយថា លោកនឹងជួបជាមួយលោក ស៊ី ជីនពីង តាមការសន្យា ដោយសារតែប្រធានាធិបតីចិនរូបនេះបានអញ្ជើញមកទឹកដីអាមេរិកកាលពីមួយខែមុន ។
ក្រៅពីលោក ជីនពីង, លោក ត្រាំ បញ្ជាក់ថា លោកក៏នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជាពិសេសលោកក៏អាចនឹងជួបជាមួយលោក គីម ជុងអ៊ុន ផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ សង្កត់ធ្ងន់ថា ការសម្រេចចិត្តថាតើលោក គីម ជុងអ៊ុន នឹងចូលរួមជួបប្រជុំជាមួយរូបលោក ឬក៏អត់នោះ គឺអាស្រ័យលើទីក្រុងប៉េកាំង ។
បើតាម independent, ដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោក ត្រាំ រួមបញ្ចូលទាំងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ ជាមួយមេដឹកនាំរុស្ស៊ី, ចិន និងកូរ៉េខាងជើង នឹងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយមេដឹកនាំទាំងនោះរំពឹងនឹងពិភាក្សាអំពីឃ្លាំងអាវុធនុយក្លេអ៊ែរ ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ជាដើម ៕
ប្រភព ៖ independent, ប្រែសម្រួល ៖ សារ៉ាត