អ៊ីរ៉ង់ រៀបផែនការបំផ្ទុះគ្រាប់បែកដល់តុធ្វើការរបស់ក្រុមមន្ត្រីជាន់ខ្ពស់ អាមេរិក នៅកណ្តាលរដ្ឋធានី
តេហេរ៉ង់ ៖ អ៊ីរ៉ង់មានផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមីទៅលើការិយាល័យធ្វើការរបស់ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលមានទីតាំងនៅកណ្តាលរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ។ នេះបើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងចុះផ្សាយដោយ CNN កាលពីថ្ងៃចន្ទ ។
ប្រភពទាំងនេះបញ្ជាក់ថា ការកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់អាមេរិក គឺជាការប៉ុនប៉ងបង្កើតជម្រើសសម្រាប់ការវាយប្រហារ ខណៈគម្រោងការបំផ្ទុះគ្រាប់បែកទាំងនេះបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសន្តិសុខ និងការរៀបចំផែនការសម្រាប់សេណារីយ៉ូផ្សេងៗ នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Lauren Bis និយាយថា រដ្ឋបាលរបស់លោក ត្រាំ ក៏កំពុងតាមដានយ៉ាងដិតដល់ចំពោះការគំរាមកំហែងដែលអាចកើតមាននេះផងដែរ ។
ព័ត៌មានសម្ងាត់ទាំងនេះ ត្រូវបានបញ្ចេញឲ្យដឹង ក្រោយពេលដែលរដ្ឋមន្ត្រីហរិញ្ញវត្ថុអាមេរិក លោក Scott Bessent ត្រូវបានផ្លាស់ប្តូរទៅស្នាក់ នៅក្នុងមូលដ្ឋានយោធា កាលពីសប្តាហ៍មុន ពោលគឺបន្ទាប់ពីមានការគំរាមកំហែងដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។
ដំណឹងជុំវិញអ៊ីរ៉ង់រៀបផែនការបំផ្ទុះគ្រាប់បែក ដល់តុធ្វើការរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនេះទៀតសោត ក៏បានកើតមានឡើង ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់ នៅតែជាប់គាំង ។
ជាក់ស្តែង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅតែបន្តប្រឈមមុខនឹងការខ្វែងគំនិតគ្នាជុំវិញការបិទផ្លូវរបស់អាមេរិក, ការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងលក្ខខណ្ឌចាំបាច់នានាដើម្បីបញ្ចប់អរិភាព ។
យ៉ាងណា មន្ត្រីទូតរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បានច្រានចោលការចោទប្រកាន់ដែលថា ទីក្រុងតេអេរ៉ង់កំពុងពិចារណាប្រើប្រាស់អាវុធគីមី ។
មន្ត្រីទូតអ៊ីរ៉ង់និយាយថា ប្រទេសអ៊ីរ៉ង់ចាត់ទុកការប្រើប្រាស់អាវុធគីមីក្នុងកាលៈទេសៈណាក៏ដោយថា ជារឿងខុសច្បាប់ទាំងស្រុង ហើយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ក៏បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់មិនពិត និងប្រឌិតឡើងដែលត្រូវបានផ្សព្វផ្សាយជុំវិញបញ្ហានេះ ៕
ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត