អេហ្ស៊ីប គាំទ្រចំណាត់ការកម្ពុជា ក្នុងការបោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រៀមបង្កើន​កិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖រដ្ឋាភិបាលអេហ្ស៊ីប បានសម្តែងការកោត​សរសើរ និងប្រកាសគាំទ្រចំពោះកិច្ចខិតខំប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសម្រេចបាន​លទ្ធផលគួរឱ្យកត់សម្គាល់។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងក្នុងជំនួបរវាងឯកអគ្គរដ្ឋ​ទូត​អេហ្ស៊ីប ប្រចាំ​កម្ពុជា ជាមួយថ្នាក់ដឹកនាំគណៈកម្មការចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសកកម្មពិសេស និងជា​ប្រធានលេខាធិការដ្ឋាន​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានជម្រាបជូនឯកអគ្គរដ្ឋទូតអេហ្ស៊ីប លោកជំទាវ ហាឡា យូសេហ្វ អាម៉េដ រ៉ាហ្គាប (Hala Youssef Ahmed Ragab) អំពីលទ្ធផលជាបន្តបន្ទាប់​នៃយុទ្ធនាការបោស​សម្អាត​បទល្មើសឆបោកតាម​អនឡាញរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​ជោគជ័យនៃការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលមាន​ខ្លឹមសារប្តេជ្ញាចិត្ត ១១ចំណុច ដើម្បីកាត់ផ្តាច់ច្រវាក់បណ្តាញឧក្រិដ្ឋកម្មនេះ។

ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កម្ពុជានឹង​បន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងជាប់លាប់ ដោយមិនដកថយឡើយ ទោះបីទីតាំងធំៗ​ត្រូវបានបោសសម្អាត ហើយក្រុមឧក្រិដ្ឋជនបាន​បំបែកខ្លួនជាក្រុមតូចៗក្តី។ វិធានការនេះ នឹងចាត់ការទាំងលើមេខ្លោង អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកផ្តល់មធ្យោបាយគប់គិត ដើម្បីបង្ការកុំឱ្យ​បទល្មើសនេះកើតឡើងជាថ្មី ព្រមទាំងស្វាគមន៍​កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងការដោះស្រាយបញ្ហាសកលដ៏ស្មុគស្មាញនេះ។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតអេហ្ស៊ីប បានកោតសរសើរ និងទទួលស្គាល់លទ្ធផល​ជាក់ស្តែង​របស់សមត្ថកិច្ចកម្ពុជា។ លោកជំទាវ​បញ្ជាក់ថា ឧក្រិដ្ឋកម្ម​ឆ្លងដែនប្រភេទនេះ មានអង្គការចាត់តាំង​ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធ​រវាង​ប្រទេសពាក់ព័ន្ធ។ ក្នុងន័យនេះ រដ្ឋាភិបាលអេហ្ស៊ីប ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងបង្កើនកិច្ចសហ​ប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស​ការចែករំលែក​ព័ត៌មាន និងការលើកកម្ពស់ការយល់ដឹងដល់​ប្រជាពលរដ្ឋ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសនៃការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសកម្ពុជា និង​អេហ្ស៊ីប ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ផងដែរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner