អាល្លឺម៉ង់ និងន័រវែស រួមគ្នាផ្តល់ថវិកាទិញប្រព័ន្ធការពារដែនអាកាស Patriot ថ្មីពីអាមេរិក ដើម្បីជួយអ៊ុយក្រែន

ប៊ែរឡាំង ៖ អាល្លឺម៉ង់ និងន័រវែស នឹងរួមគ្នាផ្តល់ថវិកាទិញកញ្ចប់សព្វាវុធថ្មីរបស់អាមេរិក ដែលរួមមានប្រព័ន្ធខែលការពារដែនអាកាស Patriot ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃអង្គារ ។

ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បានថ្លែងក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារ ថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន ដោយសារតែកងកម្លាំងទីក្រុងមូស្គូគ្មានវឌ្ឍនភាពនៅលើសមរភូមិប្រយុទ្ធ ។

លោក Pistorius បន្ថែមថា អាល្លឺម៉ង់នឹងចូលរួមចំណាយថវិកាចំនួន ៣០០ លានដុល្លារ ដើម្បីបញ្ជាទិញសព្វាវុធអាមេរិកក្នុងកញ្ចប់ថ្មី ដែលផ្តល់អាទិភាពលើប្រព័ន្ធការពារដែនអាកាស ជាពិសេស គឺមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ។

បើតាម AFP, ក្នុងរយៈពេលចុងក្រោយនេះ រុស្ស៊ីបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេសអ៊ុយក្រែន ។

ទីក្រុងកៀវបានចោទប្រកាន់ថា ទីក្រុងមូស្គូកំពុងព្យាយាមធ្វើឱ្យប្រទេសនេះចុះចាញ់សង្គ្រាម តាមរយៈការបង្កើតវិបត្តិធ្ងន់ធ្ងរក្នុងរដូវរងាខាងមុខ ។

យ៉ាងណា អ៊ុយក្រែនបានអំពាវនាវយ៉ាងខ្លាំងដល់ប្រទេសជាដៃគូ ឱ្យជួយស្វែងរក និងផ្គត់ផ្គង់សំណាញ់មេឃ Patriot បន្ថែមទៀត ដោយសារប្រព័ន្ធខែលការពារដែនអាកាសមួយនេះ គឺជាប្រព័ន្ធតែមួយគត់ ដែលមានសមត្ថភាពស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងរបស់រុស្ស៊ី ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner