តួកគីយ៉េ ជំរុញ អ៊ីស្រាអែល បញ្ឈប់គោលនយោបាយប៉ះពាល់ដល់ប្រទេសជិតខាង

អង់ការ៉ា ៖ រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក Hakan Fidan ជំរុញឱ្យអ៊ីស្រាអែលបោះបង់ចោលគោលនយោបាយអរិភាព ដែលបង្កផលប៉ះពាល់ដល់ប្រទេសជិតខាងខ្លួន ។

លោក Fidan បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shaibani នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េ កាលពីថ្ងៃអង្គារ ។

បើតាម Anaolu, ប្រមុខការទូតតួកគីយ៉េរូបនេះ បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលត្រូវតែយល់ថា អ៊ីស្រាអែលមិនអាចធានាសន្តិសុខផ្ទាល់ខ្លួន ដោយការធ្វើឱ្យប៉ះពាល់ដល់ប្រទេសជិតខាងនោះឡើយ ។

លោក Fidan បានចោទប្រកាន់ថា សកម្មភាពបង្កអស្ថិរភាពរបស់អ៊ីស្រាអែល មិនមែនកំណត់ត្រឹមតែប្រទេសស៊ីរីនោះទេ ប៉ុន្តែក៏រួមមានស្ថានការណ៍មនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗនៅតំបន់ហ្គាហ្សា ខណៈរដូវរងាកំពុងខិតជិតមកដល់ ។

ជាក់ស្តែង អ៊ីស្រាអែលកំពុងធ្វើឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ប្រឈមមុខនឹងស្ថានភាពមនុស្សធម៌ដែលដុនដាបបំផុត តាមរយៈការបន្តរារាំងផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់នេះ ដោយគ្មានហេតុផល និងរំលោភលើច្បាប់អន្តរជាតិ ។

ជាមួយគ្នានេះ លោក Fidan បានទទូចឱ្យអ៊ីស្រាអែលត្រូវតែបោះបង់ចោលគោលនយោបាយរារាំងជំនួយមនុស្សធម៌មិនឱ្យចូលទៅដល់តំបន់ហ្គាហ្សា ។

លោកថា ការទប់ស្កាត់ការរំលោភបំពានទាំងនេះ និងការបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងយូរអង្វែង គឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ ។

ចំណែករដ្ឋមន្ត្រីការបរទេសស៊ីរី លោក al-Shaibani ក៏បានអះអាងផងដែរថា ស្ថិរភាពរបស់ស៊ីរី គឺជាមូលដ្ឋានគ្រឹះនៃស្ថិរភាពនៅមជ្ឈិមបូព៌ា ហើយតួកគីយ៉េគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការកសាងស្ថិរភាពនេះ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner