សម្តេចធិបតី ស្នើឱ្យថៃសហការវាស់វែងខណ្ឌសីមាព្រំដែនជាបន្ទាន់ ក្នុងកិច្ចប្រជុំអាស៊ីបូព៌ានៅម៉ានីល
បន្ទាន់ក្នុងជំនួបនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជំរុញ និងស្នើឱ្យភាគីថៃសហការជាមួយកម្ពុជា ដើម្បីពន្លឿនការវាស់វែងខណ្ឌសីមាព្រំដែនជាមួយកម្ពុជាជាបន្ទាន់។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នើឱ្យភាគីថៃសហការជាមួយកម្ពុជា ក្នុងការវាស់វែងខណ្ឌសីមាព្រំដែនជាបន្ទាន់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃអង្គារ បន្ទាប់ពីបញ្ចប់«កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង កិច្ចប្រជុំពាក់ព័ន្ធ»។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងថា តាមរយៈប្រសាសន៍របស់សម្តេចធិបតី សកម្មភាពនេះនឹងបើកផ្លូវឱ្យកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងឈានទៅរកដំណោះស្រាយយូរអង្វែងប្រកបដោយចីរភាព ស្របតាមច្បាប់អន្តរជាតិ។
ការចាប់ផ្តើមវាស់វែងខណ្ឌសីមាព្រំដែនគោកជាបន្ទាន់ គឺជាចំណុចសំខាន់មួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែជិតមួយឆ្នាំមកនេះ ប្រទេសថៃបានរកលេសជាបន្តបន្ទាប់ ដើម្បីពន្យារពេលវាស់វែងព្រំដែន ទោះបីភាគីកម្ពុជាបានដាក់សំណើជាច្រើនលើកច្រើនសាក៏ដោយ។
ចំពោះមុខឥរិយាបទថៃបែបនេះ កម្ពុជាតែងលើកឡើងពីការឈ្លានពានរបស់ថៃក្នុងវេទិការអន្តរជាតិនានា ជាពិសេសចុងក្រោយនេះ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឲ្យថៃខឹងសម្បារ ហើយគំរាមពន្យារពេលពិភាក្សាអំពីព្រំដែនទៀតផង បើកម្ពុជាមិនព្រមបញ្ឈប់ការធ្វើអន្តរជាតូបនីយកម្មបញ្ហាព្រំដែន។
ប៉ុន្តែសម្រាប់កម្ពុជា ការគំរាមបែបនេះមិនមានឥទ្ធិពលអ្វីឡើយ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា នៅក្នុងជំនួបជាមួយអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើភាគីថៃចង់ឱ្យកម្ពុជាឈប់លើកយកបញ្ហាជម្លោះព្រំដែនមកជជែកនៅលើវេទិកាអន្តរជាតិ ថៃត្រូវតែអនុវត្តកិច្ចព្រមព្រៀងឱ្យបានពេញលេញ ដោយត្រូវចាប់ផ្តើមដំណើរការវាស់វែងខណ្ឌសីមាព្រំដែន ដែលបានចែងយ៉ាងច្បាស់លាស់នៅក្នុងកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ជាមួយគ្នានេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ប្រសិនបើភាគីថៃនៅតែបន្តមិនគោរពកិច្ចព្រមព្រៀង និងមិនព្រមអនុវត្តការវាស់វែងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងទេនោះ កម្ពុជានឹងនៅតែបន្តលើកយកបញ្ហាជម្លោះព្រំដែនដែលថៃបានបំពានមកនិយាយនៅលើវេទិកាអន្តរជាតិដដែល មិនតែប៉ុណ្ណោះកម្ពុជានឹងបន្តលើកឡើងឱ្យកាន់តែខ្លាំងថែមទៀតផង៕
ទួន សុផល




