តម្លៃប្រេងធ្លាក់ចុះ ខណៈកំណើនស្តុកប្រេងឆៅអាមេរិកកាត់បន្ថយហានិភ័យនៃការផ្គត់ផ្គង់
បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃពុធនេះ បន្ទាប់ពីមានទិន្នន័យបង្ហាញថា ស្តុកប្រេងឆៅ និងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមទាំងការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) បានទប់ស្កាត់មិនឱ្យតម្លៃធ្លាក់ចុះខ្លាំងពេក។
បើតាម CNA, តម្លៃកិច្ចសន្យាប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៥៦ សេន ឬ ០,៦៥% មកនៅត្រឹម ៨៥,៤៥ ដុល្លារក្នុងមួយបារ៉ែល។ ស្របពេលជាមួយគ្នានេះ, តម្លៃកិច្ចសន្យាប្រេងឆៅប្រភេទ Brent ក៏បានធ្លាក់ចុះ ១៦ សេន ឬ ០,១៧% មកនៅត្រឹម ៩២,៩៨ ដុល្លារក្នុងមួយបារ៉ែលផងដែរ។
ប្រភពពីទីផ្សារបានឱ្យដឹងកាលពីថ្ងៃអង្គារ ដោយយោងតាមទិន្នន័យពីវិទ្យាស្ថានប្រេងអាមេរិក American Petroleum Institute ថា ស្តុកប្រេងឆៅបានកើនឡើងចំនួន ៥,២៨ លានបារ៉ែល នៅក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១៣ ខែវិច្ឆិកា។ ទន្ទឹមនឹងនេះ ស្តុកប្រេងសាំងបានកើនឡើង ៥,១២ លានបារ៉ែល ហើយស្តុកប្រេងឥន្ធនៈប្រភេទផ្សេងទៀត បានកើនឡើង ៣៥១.០០០ បារ៉ែល។
ប៉ុន្តែ ភាពតានតឹងដែលនៅតែបន្តកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមទាំងហានិភ័យដែលនៅតែមានចំពោះការដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រហ័រមូស បានធ្វើឱ្យការធ្លាក់ចុះនៃតម្លៃប្រេងមានកម្រិត។
ជាក់ស្តែង, កងកម្លាំងការពារជាតិរបស់ប្រទេសបារ៉ែនបានថ្លែង នៅថ្ងៃពុធនេះថា ខ្លួនបានស្ទាក់ចាប់ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ប្រទេសអ៊ីរ៉ង់ ដែលសំដៅមកលើប្រទេសនេះ ជាទីតាំងឈរជើងនៃកងនាវាទី ៥ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ហេតុការណ៍នេះបង្ហាញពីការកើនឡើងនៃភាពតានតឹងបន្ថែមទៀតនៅក្នុងជម្លោះនេះ គឺមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើការវាយប្រហារតបតគ្នាទៅវិញទៅមក៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត
