សម្ដេច ទៀ បាញ់៖ ការចុះបញ្ជី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី បានផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគពាក់ព័ន្ធនឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី
សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ការចុះបញ្ជី និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះវាមិនត្រឹមតែផ្តល់កម្មសិទ្ធិស្របច្បាប់លើដីធ្លីពិតប្រាកដទេ ប៉ុន្តែថែមទាំងបានផ្ដល់ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ ពាក់ព័ន្ធនឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីផងដែរ។
ខេត្តសៀមរាបបានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករ សរុបចំនួនជាង ១៧ម៉ឺន ៥ពាន់ប័ណ្ណ មកពីស្រុកចំនួន៨ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមជាអធិបតីពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្ដមណ្ឌលសៀមរាប។
សម្ដេចពិជ័យសេនាបានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានសារៈសំខាន់ណាស់ ព្រោះអាចផ្តល់លទ្ធភាពឱ្យរដ្ឋ អាចធ្វើការចុះបញ្ជីដីរដ្ឋ និងដីឯកជនបានច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំ និងការប្រើប្រាស់ដីធ្លី ព្រមទាំងបានចូលរួមកាត់បន្ថយទំនាស់ដីធ្លីផងដែរ ។ លើសពីនេះ ការចុះបញ្ជីដីធ្លី បានផ្តល់សិទ្ធិជូនប្រជាពលរដ្ឋ ក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីពិតប្រាកដ និងអាចប្រើប្រាស់ដីធ្លីរបស់ខ្លួនតាមតម្រូវការ ដើម្បីបម្រើផលប្រយោជន៍ផ្សេងៗ ដូចជា ការបង្កើតមុខរបរ ឬការធ្វើអាជីវកម្មដោយគ្មានការព្រួយបារម្ភ ព្រមទាំងទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដោយគ្មានការរំលោភបំពានឡើយ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញតម្លៃសេដ្ឋកិច្ចដីធ្លីឱ្យមានការកើនឡើងកាន់តែខ្លាំងថែមទៀត ហើយអ្នកវិនិយោគក៏មានទំនុកចិត្តខ្ពស់ផងដែរ ពាក់ព័ន្ធនឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ព្រោះបើដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ នោះនឹងមិនបង្កឱ្យមានហានិភ័យបណ្ដាលមកពីវិវាទដីនោះទេ ។ នេះ គឺជាសមិទ្ធផលដ៏ធំធេង នៃការចុះបញ្ជីដីធ្លី និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលសុទ្ធសឹងជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
សម្ដេចពិជ័យសេនាសង្កត់ធ្ងន់ថា កម្មសិទ្ធិស្របច្បាប់ដីធ្លី គឺជាមូលដ្ឋាននៃជីវិត មិនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែជាមូលដ្ឋាននៃជម្រក ជាកត្តាទាក់ទាញការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ ។
សូមគូសបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រៅតែពីការចុះបញ្ជីដីបង្ហើយ និងបរិយាកាសគ្មានវិវាទ ក្រសួងបាននិងកំពុងផ្ដោតលើការរៀបចំដែនដី និងនគរូបនីយកម្មក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយរៀបចំផែនការប្រើប្រាស់ដីភូមិទាំង១១៤។
ក្រសួងក៏កំពុងពិនិត្យរៀបចំជូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមទីតាំងមិនរៀបរយ តាមដងផ្លូវសាធារណៈក្នុងក្រុងសៀមរាបចំនួនជាង ១ ៧០០ គ្រួសារ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងដើម្បីឱ្យបងប្អូនអ្នកស្រុកអង្គរ និងបងប្អូនក្នុងក្រុងសៀមរាបមានលំនៅឋានរស់នៅសមរម្យជាទ្រនំសុភមង្គល និងមានជីវភាពល្អប្រសើរ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ



