ខេត្តកែប បិទបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ១០០% លើ ១៨ភូមិ ខណៈគណៈកម្មការទី១ រដ្ឋសភា ជំរុញឱ្យយកចិត្តទុកដាក់លើយុត្តិធម៌ និងសុវត្ថិភាពពិតប្រាកដជូនពលរដ្ឋ
ភ្នំពេញ៖ខេត្តកែប បានបង្កើតសមិទ្ធផលលេចធ្លោថ្មីមួយ ដោយបានបញ្ចប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ១០០ភាគរយ នៅទូទាំង ១៨ភូមិ។ ទន្ទឹមនឹងជោគជ័យនេះ គណៈកម្មការទី១ នៃរដ្ឋសភា បានជំរុញឱ្យអាជ្ញាធរខេត្ត បន្តពង្រឹងយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធ តុលាការ ដើម្បីធានាថា សមិទ្ធផលនេះមិនត្រឹមតែជាតួលេខ ប៉ុន្តែត្រូវប្រែក្លាយជាផលប្រយោជន៍ និងសុវត្ថិភាពផ្លូវច្បាប់ ពិតប្រាកដសម្រាប់ប្រជាពលរដ្ឋ។
ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់អាជ្ញាធរខេត្ត ដែលបានបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ១០០ភាគរយ ស្មើនឹង ១៨ភូមិ។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ ខេត្តបានចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៣.៧៨៧បណ្ណ ចុះបញ្ជីដាច់ដោយដុំចំនួន ៧៩២សេវា និងចុះបញ្ជីតាមប្រព័ន្ធអនឡាញចំនួន ៤៥៤សេវា។ អ្វីដែលគួរឱ្យកត់សម្គាល់ ខេត្តកែប ពុំមានករណីទំនាស់លើដីសម្បទានឡើយ ហើយកម្លាំងល្បាតរួមក៏បានការពារឧទ្យានជាតិកែប និងទប់ស្កាត់ការរំលោភបំពានដីរដ្ឋដោយមានប្រសិទ្ធភាពផងដែរ។
ទោះជាយ៉ាងណា គណៈកម្មការទី១ នៃរដ្ឋសភា បានក្រើនរំលឹករដ្ឋបាលខេត្តថា ការចុះបញ្ជីដីធ្លី ១០០ភាគរយ មិនត្រឹមតែជាការសម្រេចបានតាមផែនការប៉ុណ្ណោះទេ ប៉ុន្តែអាជ្ញាធរត្រូវធានាឱ្យបាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព និងយុត្តិធម៌ ដោយផ្អែកលើច្បាប់ និងភស្តុតាងច្បាស់លាស់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋ។
បញ្ជាក់ជូនប្រតិភូរដ្ឋសភា ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចាត់ទុកសុវត្ថិភាពនៃការកាន់កាប់ដីធ្លី គឺជាកិច្ចការនយោបាយដ៏សំខាន់ ដើម្បីធានាសមធម៌សង្គម និងជំនឿទុកចិត្តរបស់ពលរដ្ឋ។ រដ្ឋបាលខេត្តបានប្តេជ្ញាពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិលើដីដែលដោះស្រាយរួច ខិតខំបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឱ្យអស់លទ្ធភាព និងសហការឆ្លើយតបរាល់លិខិតអន្តរាគមន៍របស់គណៈកម្មការទី១ ឱ្យបានឆាប់រហ័ស ដើម្បីធានាភាពសុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងខេត្ត៕
ដោយ៖វណ្ណលុក







