កម្ពុជាបើកការដ្ឋានសាងសង់ខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល ភ្ជាប់បីខេត្ត ក្រោមឥណទាន ADB ១៨៣លាន ដុល្លារ

ក្រសួងរ៉ែ និងថាមពល ប្រកាសគម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ភ្ជាប់រវាងខេត្ត កណ្តាល កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្រោមឥណទាន ១៨៣ លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB។
 
គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីកម្លាំង ២៣០ គីឡូវ៉ុល ដែលមានប្រវែងប្រមាណ ១២០ គីឡូម៉ែត្រនេះ ភ្ជាប់ខេត្តចំនួនបី គឺខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់ ក្រោមក្របខ័ណ្ឌឥណទានចំនួន ១៨៣ លានដុល្លារ រវាងធនាគារអភិវឌ្ឍន៍អាស៊ី និង​អគ្គិសនី កម្ពុជា តំណាងឱ្យរាជរដ្ឋាភិបាល ។គម្រោងនេះមាន គោលដៅ បញ្ជូនថាមពលពន្លឺព្រះអាទិត្យស្អាត ពង្រឹង ស្ថិរភាពបណ្តាញជាតិ ជំរុញសេដ្ឋកិច្ច និងបង្កើតឱកាស ការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
 
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា គម្រោងដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជួយពង្រីកអនុស្ថានីយ និងសាងសង់ អនុស្ថានីយថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅ ចម្បងក្នុងការទាញយក និងបញ្ជូនថាមពលពន្លឺព្រះ អាទិត្យ ដែលជា​ថាមពលស្អាត ពីតំបន់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានអានុភាពសរុបជាង ១ ១០០ មេហ្គាវ៉ាត់ មកកាន់បណ្តាញជាតិ ដើម្បីចែក​ចាយទូទាំងប្រទេស។
  
ការអភិវឌ្ឍប្រព័ន្ធបណ្តាញជាតិនេះ ជួយសម្រួលដល់ ដំណើរការវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច​តាមរយៈការពង្រីក សក្តានុពលរោងចក្រសហគ្រាសនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលអាចបង្កើនចំនួនកម្មករនិយោជក ដល់ជាង ១ម៉ឺននាក់។ បើតាមឯកឧត្តម កែវ រតនៈ នេះគឺជាចក្ខុវិស័យ និងការយកចិត្តទុកដាក់របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា ក្នុងការ បង្កើតឱកាសការងារថ្មីៗដល់យុវជននៅនឹងកន្លែង ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយពីស្រុកកំណើត ព្រមទាំងជួយជំរុញ​វិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មនៅទូទាំងប្រទេស។
 
គួរជម្រាបថា បច្ចុប្បន្ន អគ្គិសនីរបស់កម្ពុជាប្រមាណ ៦៣ភាគរយ ចេញមកពីថាមពលស្អាត។ គម្រោងនេះ មានគោលដៅជំរុញ​ឱ្យកម្ពុជា​ទទួលបានថាមពលស្អាត យ៉ាងតិច៧០ភាគរយ នៅឆ្នាំ ២០៣០។
 
ក្នុងឱកាសនេះដែរ ក្រសួងរ៉ែ និងថាមពល បានថ្លែង អំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងការសម្រប សម្រួលដ៏ល្អពីសំណាក់ប្រជាពលរដ្ឋ ដែលធ្វើឱ្យ គម្រោងអាចដំណើរការទៅមុខដោយរលូន ព្រមទាំង បានអំពាវនាវឱ្យមានការគាំទ្របន្តទៀត ដើម្បីធានាឱ្យ គម្រោងនេះ​សម្រេច​ជោគជ័យ១០០ភាគរយ និងផ្តល់ ផលប្រយោជន៍ដ៏ធំធេងដល់សង្គមជាតិទាំងមូល៕
ដោយ៖ទួន សុផល

ads banner