ប្រាសាទមេបុណ្យខាងលិច បើកទទួលភ្ញៀវទេសចរឱ្យចូលទស្សនាហើយ

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទមេបុណ្យខាងលិចហើយ បន្ទាប់ពីប្រាសាទនេះត្រូវបានជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងអធិបតីភាពលោក អេម៉ានុយអែល ម៉ាក្រុង។
 
អ្នកជំនាញបានប្រើពេល១៤ឆ្នាំ ដើម្បីជួសជុលប្រាសាទមេបុណ្យខាងលិចឱ្យរស់រានមានជីវិតដ៏ស្កឹមស្កៃឡើងវិញ ដោយចំណាយថវិកាសរុប ១២លានដុល្លារអាមេរិក ក្នុងនោះប្រទេសបារាំងបានរួមចំណែកជាង៧លានដុល្លារ ខណៈថវិកាប្រមាណ៥លានដុល្លារទៀតជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា។
 
លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការបើកឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទដែលស្ថិតនៅលើកោះចំកណ្តាលបារាយណ៍ទឹកថ្លានេះ នឹងជួយទាក់ទាញភ្ញៀវទេសចរ ជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋដែលប្រកបរបរ និងអាស្រ័យផលលើវិស័យទេសចរណ៍ក្នុងតំបន់នោះ។
 
ដោយសារភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូក ដើម្បីទៅដល់ប្រាសាទមេបុណ្យខាងលិច លោក លី វណ្ណៈ បានឱ្យដឹងថា សហគមន៍នៅតំបន់នោះបានត្រៀមទូកដឹកអ្នកដំណើរចំនួន២០ទូក ដោយទូកនីមួយៗអាចដឹកភ្ញៀវបាន១៥នាក់។ ហើយទូកនីមួយៗក៏បានរៀបចំឧបករណ៍សុវត្ថិភាពរួចជាស្រេច ដោយតម្រូវឱ្យភ្ញៀវទេសចរគ្រប់រូបពាក់អាវពោងសុវត្ថិភាព មុនពេលធ្វើដំណើរតាមទូកផងដែរ។
 
ប្រាសាទមេបុណ្យខាងលិច​ ដែលបច្ចុប្បន្នស្ថិតនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទី១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គនៅសតវត្សទី១១៕

សៅ សុខអេង

ads banner