AIPA ៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ប្រទេសថៃ គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិជួយគិតគូរជាបន្ទាន់ដល់ជនស៊ីវិលកម្ពុជាជាង២០,០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ

(ម៉ានីល)៖ នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅហ្វីលីពីន ដែលមានប្រតិភូសមាជិកសភាអាស៊ាន និងបណ្តាប្រទេសសង្កេតការណ៍ សរុបប្រមាណ ៣០ ប្រទេសចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រទេសថៃគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាព គោរពច្បាប់អន្តរជាតិ និងស្នើដល់សហគមន៍អន្តរជាតិ ជួយគិតគូរជាបន្ទាន់ដល់ស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្ស។ សម្តេចបន្តថា ជនស៊ីវិលកម្ពុជាជាង ២០,០០០នាក់ នៅតែបន្តភៀសខ្លួននៅក្នុងជំរំបណ្តោះអាសន្ន ដោយមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ដូចអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់ឃើញជាក់ស្តែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដែលទទួលរងផលប៉ះពាល់កាលពីខែកក្កដា កន្លងទៅថា «ពលរដ្ឋទាំងនោះ ចាំបាច់ត្រូវតែបានវិលត្រឡប់ទៅផ្ទះវិញ»។

សម្តេចទទូចថា ការប្តេជ្ញាចិត្តនេះត្រូវតែគោរពអនុវត្តដោយគ្មានការពន្យារពេលតទៅទៀតឡើយ។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បន្ថែមថា ខណៈពេលដែលបទឈប់បាញ់នេះនៅជាធរមាន កម្ពុជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃដែលកំពុងបន្តកើតមាននៅតំបន់មួយចំនួន ដោយពួកគេកំពុងបន្តកាន់កាប់ដោយខុសច្បាប់នៅក្នុងទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះ បានរំលោភច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីនានា។ កម្ពុជាបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើជាឯកតោភាគីក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្តរជាតិដោយប្រើប្រាស់កម្លាំង និងបង្កើតនូវអង្គហេតុសម្រេចណាមួយ (fait accompli) មុនមានការសម្រេចដោយយន្តការរួមស្របច្បាប់ណាមួយ។

ជាមួយនឹងការលើកឡើងដូច្នេះ សម្តេចបានអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ដែនអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់ និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីទីក្រុងសេប៊ូ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សនូវសកម្មភាពវាស់វែង និងខណ្ឌសីមាព្រំដែន ក្រោមក្របខ័ណ្ឌនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ រីឯនៅតំបន់សមុទ្រវិញ កម្ពុជា បានជ្រើសរើសយកផ្លូវច្បាប់តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ហើយការដែលប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ គឺជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។ កម្ពុជាគោរពច្បាប់អន្តរជាតិ រក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងដោយចូលរួមដោយអន្តរជាតិយ៉ាងម៉ឺងម៉ាត់។

AIPA ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ជាវេទិកាសភាដ៏សំខាន់ ដែលផ្តល់ឱកាសដល់សមាជិកសភា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្តនិង គន្លឹះថ្មីៗដើម្បី លើកកម្ពស់ វប្បធម៌ សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈម ដោយសន្តិវិធី រួមចំណែក ជាមួយ អាស៊ាន ដែល ជាស្ថាប័ននី តិប្រតិបត្តិក្នុង ការឈានទៅសម្រេចឱ្យបាន សហគមន៍ អាស៊ាន ឆ្នាំ២០៤៥ ជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព បរិយា ប័ន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋ ជាស្នូល។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងការបាត់បង់នូវទំនុកចិត្តជាយុទ្ធសាស្រ្ត ការកើនឡើងនូវការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ ការបែកខ្ញែកនៃសេដ្ឋកិច្ច និងការប្រើប្រាស់ការពឹងពាក់គ្នាជាអាវុធ។ ចំពោះមុខនៃបញ្ហាទាំងនេះ សភាសមាជិកអាយប៉ាដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថាអាស៊ាននៅតែសំខាន់ចាំបាច់ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពជូនដល់ប្រជាជនរបស់ខ្លួន។ យើងកំពុងស្ថិតនៅលើទូកជាមួយគ្នា។ តំបន់អាស៊ានប្រកបដោយសន្តិភាពចាំបាច់ត្រូវផ្អែកលើមូលដ្ឋាននៃទំនុកចិត្ត ការគោរពច្បាប់អន្តរជាតិ ការទូតបង្ការ និងយន្តការដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិបត្តិ និងការដោះស្រាយជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថា ការណ៍នេះរឹតតែសំខាន់ចាំបាច់ ក្នុងពេលដែលទំនុកចិត្តជាយុទ្ធសាស្រ្តកាន់តែមានការបាត់បង់ទៅៗ។ ការកសាងនូវទំនុកចិត្តត្រូវការពេលវេលារាប់សិបឆ្នាំ ប៉ុន្តែការបាត់បង់ទៅវិញគឺតែក្នុងរយៈពេលមួយពព្រិចភ្នែកប៉ុណ្ណោះ។ ចំណុចស្នូលនៃទំនុកចិត្ត ពិសេសទំនុកចិត្តរវាងរដ្ឋនិងរដ្ឋ គឺសំដៅទៅលើការគោរពអធិបតេយ្យ និងបូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី។ អាស៊ានប្រកបដោយវិបុលភាព គឺផ្អែកលើគោលការណ៍តំបន់និយមដែលមានលក្ខណៈបើកចំហ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការតភ្ជាប់កាន់តែប្រសើរឡើង។ ហើយការពង្រឹងនៃការពឹងពាក់គ្នាផ្អែកលើសេដ្ឋកិច្ច ពិតជាសំខាន់ ដែលជាប្រភពនៃសន្តិភាព និងភាពធន់។ “ក្នុងន័យនេះ រាល់កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺធ្វើឡើងដើម្បីបម្រើប្រជាពលរដ្ឋ សន្តិសុខ សិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ពួកគេ។ ដូចនេះយើងចាំបាច់ត្រូវលើកកម្ពស់បន្ថែមទៀតនូវអភិបាលកិច្ច និងការកសាងសហគមន៍តំបន់ដោយយកប្រជាជនជាស្នូល”នេះជាប្រសាសន៍របស់ សម្តេចប្រធានរដ្ឋសភា៕
ដោយ៖ពលជ័យ

ads banner