សម្តេចធិបតី លើកទឹកចិត្តឱ្យកម្ពុជា និងម៉ាឡេស៊ី ពង្រីកការវិនិយោគលើ «ឧស្សាហកម្មហាឡាល»

ភ្នំពេញ៖ផ្អែកលើសក្តានុពលវិស័យកសិកម្មរបស់កម្ពុជា និងសន្ទុះកំណើនពាណិជ្ជកម្មទ្វេភាគី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យកម្ពុជា និងម៉ាឡេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការបង្កើត «ឧស្សាហកម្មហាឡាល (Halal)» ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង។ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដាទុក នួរ ចាហ្សឡាន ប៊ីន តាន់ ស្រ៊ី ម៉ូហាម៉េដ (Datuk Nur Jazlan bin Tan Sri Mohamed) អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើក​ឡើងថា កម្ពុជា និងម៉ាឡេស៊ី គួរពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត ជាពិសេសការជំរុញបង្កើតឧស្សាហកម្មហាឡាល ដោយផ្អែកលើសក្តានុពលកសិកម្ម និងកសិ-ឧស្សាហកម្មដ៏សម្បូរបែបរបស់កម្ពុជា។

ចំណែកឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងម៉ាឡេស៊ី នឹងរៀបចំសកម្មភាពអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត នៅឆ្នាំ២០២៧ ខាងមុខ។ ឯកឧត្តមក៏​បានគូសបញ្ជាក់ដែរថា វិនិយោគិនម៉ាឡេស៊ីកំពុងពេញចិត្តយ៉ាងខ្លាំងចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងបន្តពង្រីក​ការវិនិយោគថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងពីការបន្តដាក់ចេញគោលនយោបាយ និងវិធានការចាំបាច់នានា ដើម្បីធានា​បរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែងជូនវិនិយោគិនបរទេស រួមទាំងវិនិយោគិនម៉ាឡេស៊ីផងដែរ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បាន​ជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់​អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

គួរបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ បើតាមរបាយការណ៍​របស់អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបាន ១,១៨ពាន់លាន​ដុល្លារ​អាម៉េរិក កើនឡើង ៤៦,៥៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យម៉ាឡេស៊ីក្លាយជាដៃគូពាណិជ្ជកម្ម​ធំជាង​គេទី៧ របស់កម្ពុជា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner