ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ខណៈលោកប្រធានាធិបតី នៅតែបន្តយកចិត្តទុកដាក់លើបញ្ហាកម្ពុជា-ថៃ
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំនៅកម្ពុជា ឯកឧត្តម គ្រីស្តូហ្វឺ អាន់ឌឺសិន (Christopher Anderson) បានប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត ព្រមទាំងបានបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព កាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះ។
ក្នុងជំនួបពិភាក្សាការងារ នៅវិមានសន្តិភាពកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គ្រីស្តូហ្វឺ អាន់ឌឺសិន ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកថ្មីប្រចាំកម្ពុជា បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដោយសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានប្តេជ្ញាថា ក្នុងអាណត្តិរបស់ខ្លួន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដោយផ្អែកលើកាលានុវត្តភាពជាច្រើនដែលប្រទេសទាំងពីរមាន។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយសហរដ្ឋអាម៉េរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរឯកឧត្តម Christopher Anderson ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងបន្តជំរុញការកសាងសន្តិភាពរវាងកម្ពុជា និងថៃ។
ក្នុងជំនួបនេះដែរ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត បន្តភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍រួមជូនប្រជាជាតិទាំងពីរ៕
ដោយ៖វណ្ណលុក





