អ៊ីរ៉ង់ ព្រមានវាយប្រហារមូលដ្ឋានទ័ព អាមេរិក ចំនួន ១៥ នៅ អឺរ៉ុប
តេហេរ៉ង់ ៖ មន្រ្តីកំពូលអ៊ីរ៉ង់កាលពីថ្ងៃអង្គារបានប្រកាសព្រមានពង្រីកវិសាលភាពឆ្លើយតបផ្នែកយោធាលើមូលដ្ឋានទ័ពអាមេរិកចំនួន ១៥ ទីតាំងនៅអឺរ៉ុប ប្រសិនបើប្រទេសមហាអំណាចពិភពលោកមួយនេះ និងដៃគូអ៊ីស្រាអែលបើកការវាយប្រហារជុំថ្មីលើទីក្រុងតេហេរ៉ង់ ។
បើតាមសារព័ត៌មាន WANA, មូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុបទាំង ១៥ ទីតាំងដែលជាប់ក្នុងបញ្ជីគោលដៅទាំងនេះ រួមមាន ប្រទេសស៊ីប ព័រទុយហ្គាល់ អ៊ីតាលី បារាំង ប៊ុលហ្គារី អាល្លឺម៉ង់ ក្រិក រូម៉ានី និងចក្រភពអង់គ្លេស ។
ប្រភពដដែលបញ្ជាក់ថា មូលដ្ឋានទ័ពទាំងនោះបានដើរតួនាទីដោយផ្ទាល់ ឬដោយប្រយោល ផ្នែកភស្តុភារ ការចាក់ប្រេងតាមអាកាស ការពង្រាយកងទ័ព និងការផ្ទេរឧបករណ៍យោធា ដើម្បីគាំទ្រប្រតិបត្តិការរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាមដែលអូសបន្លាយជាងខែ ៨ កន្លងមកនេះ ។
ជុំវិញបញ្ហានេះ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក Mohsen Rezaei ព្រមានថា ប្រសិនបើអាមេរិក និងអ៊ីស្រាអែលសម្រេចចិត្តបំផ្ទុះសង្គ្រាមជុំថ្មី នោះការសងសឹករបស់អ៊ីរ៉ង់ មិនត្រឹមតែមូលដ្ឋានយោធានៅជិតៗទៀតនោះឡើយ ពោលវានឹងហួសពីគោលដៅដែលធ្លាប់ត្រូវបានវាយប្រហារក្នុងជម្លោះកន្លងមក ។
លោក Rezaei អះអាងថា សមត្ថភាពការពារជាតិ និងសមត្ថភាពវាយលុករបស់អ៊ីរ៉ង់បានកើនឡើងជាងមុន ចាប់តាំងពីជម្លោះដំបូងចាប់ផ្តើម ខណៈការតស៊ូរបស់ប្រជាជនអ៊ីរ៉ង់បានធ្វើឱ្យការគណនា និងការរំពឹងទុកផ្នែកយុទ្ធសាស្ត្ររបស់អាមេរិក និងអ៊ីស្រាអែលជួបការបរាជ័យយ៉ាងអាម៉ាស ។
យ៉ាងណា ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់រូបនេះ ក៏បានកំណត់ការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិទាំងអស់ ជាពិសេសនៅលីបង់ថា ជាលក្ខខណ្ឌគ្រឹះមួយរបស់ទីក្រុងតេហេរ៉ង់សម្រាប់ការបញ្ចប់ជម្លោះមួយនេះផងដែរ ។
លោកសង្កត់ធ្ងន់ថា បច្ចុប្បន្ន អ៊ីរ៉ង់មិនទាន់ចូលរួមចរចាដោយផ្ទាល់ជាមួយអាមេរិកនៅឡើយទេ ប៉ុន្តែអ៊ីរ៉ង់បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៧ ចំណុចរួចមកហើយ ដើម្បីបោះជំហានឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ៕
ប្រភព ៖ WANA ប្រែសម្រួល ៖ ឈឹម ទីណា