កម្ពុជាគ្រោងបើកស្ថានទូតនៅកាណាដា  

ប្រទេសកម្ពុជាមានគម្រោងបើកស្ថានទូតរបស់ខ្លួនមួយប្រចាំនៅ​ប្រទេសកាណាដា។ នេះបើតាមព័ត៌មានដែលត្រូវបានបញ្ជាក់ក្រោយកិច្ចប្រជុំទ្វេភាគីរវាងឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Anita Anand រដ្ឋមន្ត្រី​ការបរទេសកាណាដា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអំឡុងកម្ពុជារៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០។​
 
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរីកចម្រើននេះបង្ហាញតាមរយៈការដំឡើងកម្រិតតំណាងការទូតរបស់កាណាដានៅកម្ពុជាទៅជាស្ថានទូតពេញលេញ កំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរកាណាដាមកកម្ពុជាជាបន្តបន្ទាប់។
 
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការបើកស្ថានទូតកម្ពុជាប្រចាំប្រទេសកាណាដា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការទូត។ ជាពិសេស គឺជួយសម្រួលដល់ការផ្តល់សេវាកុងស៊ុល និងឯកសារផ្សេងៗដល់ពលរដ្ឋខ្មែរជិត៥ម៉ឺននាក់ ដែលកំពុងរស់នៅប្រទេសនោះ។
 
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ន ដោយសារកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅកាណាដា ពលរដ្ឋខ្មែរដែលត្រូវការសេវាកុងស៊ុល ត្រូវទាក់ទងទៅស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលទទួលបន្ទុកគ្របដណ្តប់លើប្រទេសកាណាដាផងដែរ។
 
ចំពោះពេលវេលានៃការបើកស្ថានទូតកម្ពុជាប្រចាំប្រទេសកាណាដា ឯកឧត្តម ចាន់ រតនា បានឱ្យដឹងថា ការសម្រេចបើកស្ថានទូតនេះ គឺអាស្រ័យលើស្ថានភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះការបង្កើត និងដំណើរការស្ថានទូតមួយ គឺត្រូវការចំណាយថវិកាច្រើន៕

សៅ សុខអេង

ads banner