សម្ដេចធិបតី អរគុណប្រធានាធិបតីអាម៉េរិក ចំពោះការបន្តជួយជំរុញការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ
កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្ហាញនូវការដឹងគុណចំពោះតួនាទីរបស់ប្រធានាធិបតីអាម៉េរិក ឯកឧត្តម ដូណាល់ ត្រាំ ដែលបានជួយជ្រោមជ្រែងឱ្យសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួ និងការប្រកាសបន្តជួយជំរុញការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ឱ្យបានពេញលេញ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧករណ៍វេជ្ជសាស្រ្ត នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងឱកាសពិធីជប់លៀងរយៈពេលជាង១ម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាម៉េរិក នៅប្រទេសហ្វីលីពីន សម្តេចបានថ្លែងអំណរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការជួយជំរុញឱ្យមាន សេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួ ។នៅក្នុងបេះដូង របស់ប្រជាពលរដ្ឋខ្មែរ គាត់ (លោក ដូណាល់ ត្រាំ) គឺជាអ្នកដែលបានជួយស្វែងរកសន្តិភាព ។
សម្ដេចធិបតីបានបន្ថែមថា នៅពេលសម្ដេចអញ្ជើញទៅប្រទេសមួយចំនួននៅអឺរ៉ុប មានគេសួរថា ហេតុអ្វីបានជាកម្ពុជា ធ្វើលិខិតទៅកាន់គណៈកម្មាធិការ ពានរង្វាន់ណូបែលសន្តិភាពពិភពលោក ដើម្បីស្នើសុំពានរង្វាន់សន្តិភាពពិភពលោក ជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ? ។ សម្ដេចបានឆ្លើយតបថា រឿងនៅអឺរ៉ុបយល់យ៉ាងណា ខ្ញុំមិនដឹងនោះទេ ប៉ុន្តែសម្រាប់ខ្ញុំ ចាប់តាំងពីម៉ោងផ្ទុះអាវុធមក គឺខ្ញុំបានទទួលរបាយការណ៍ជាប្រចាំអំពីប្រជាជនស្លាប់ ប្រជាជនរងរបួស និងកងទ័ពព្រាត់ប្រាសបែកបាក់គ្នា ដែលទាំងអស់នោះ សុទ្ធសឹងតែជាឈាមរបស់ប្រជាជនខ្ញុំ ។សម្ដេចធិបតីសង្កត់ធ្ងន់ថា នៅពេលដែលការជួយឱ្យមានបទឈប់បាញ់នេះកើតឡើង វាមានន័យថា ជាការបញ្ឈប់ការបង្ហូរឈាម ។
បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត, នៅក្នុងជំនួបនោះ ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសាកសួរអំពីស្ថានភាពនៅតាមព្រំដែនផងដែរ ។សម្ដេចបានពន្យល់ឯកឧត្តម ដូណាល់ ត្រាំ ឱ្យបានយល់ច្បាស់ ។ ជាការឆ្លើយតបឯកឧត្តមប្រធានាធិបតី ក៏បានជំរុញ និងបញ្ជាក់ថា សហរដ្ឋអាម៉េរិក នឹងបន្តតាមដាន និងជួយជំរុញធ្វើយ៉ាងណា ឱ្យប្រទេសទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះទាំងស្រុង ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលហេតុដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ជួយជ្រោមជ្រែង គឺដោយសារលោកមានទឹកចិត្តមិនចង់ឃើញការស្លាប់បាត់បង់ជីវិតមនុស្ស។ ជាក់ស្តែងទាំងក្នុងជំនួបកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងក្នុងកិច្ចសន្ទនាតាមទូរសព្ទមុនពេលមានបទឈប់បាញ់លើកទី១ សម្តេចបានជម្រាបជូនលោក ត្រាំ ថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទៃក្នុងអស់រយៈពេល ៥០០ឆ្នាំមកហើយ និងទើបតែទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ប៉ុណ្ណោះ ដូច្នេះកម្ពុជាមិនចង់ឃើញការប្រយុទ្ធគ្នាកើតឡើងម្តងទៀតនោះទេ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ ដោយស្នើសុំឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។សម្តេចធិបតីបញ្ជាក់ថាកម្ពុជាមានឆន្ទៈច្បាស់លាស់ គឺយើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែល ការពារនិងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរ-ជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង នោះឡើយ។ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ ៕



ដោយ៖ វណ្ណលុក