សម្តេចធិបតី៖ ផ្លូវរលាក់អាចរង់ចាំបាន តែអាយុជីវិតពលរដ្ឋមិនអាចរង់ចាំបានឡើយ
កំពង់ចាម៖ ផ្លូវរលាក់យើងអាចបន្តជិះសិនបាន តែបើពាក់ព័ន្ធនឹងសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺមិនអាចរង់ចាំបានឡើយ។ នេះគឺជាការគូសបញ្ជាក់ដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ។ទន្ទឹមនឹងការបំពាក់សម្ភារៈទំនើបមិនចាញ់ទីក្រុង សម្តេចធិបតី ក៏បានដាក់ចេញនូវរូបមន្តថ្មី ក្នុងការជ្រើសរើសគ្រូពេទ្យកុងត្រា ដើម្បីធានាថាឧបករណ៍ទំនើបទាំងនោះ មានអ្នកជំនាញប្រើប្រាស់ពិតប្រាកដ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់មន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១កន្លែង នៅស្រុកបាធាយ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការពេញចិត្តចំពោះសម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗនៅមន្ទីរពេទ្យបង្អែកស្រុក ដែលមានគុណភាពមិនចាញ់មន្ទីរពេទ្យនៅទីក្រុងឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ផ្លូវរលាក់យើងអាចនៅបន្តជិះសិនបាន ចាំធ្វើពេលក្រោយ តែបើពាក់ព័ន្ធសុខភាពប្រជាជនវិញ បើមានបញ្ហាហើយរដ្ឋ មិនទម្លាក់លុយធ្វើទំនើបកម្មទេ ការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋមិនបានទេ ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល សម្រេចទម្លាក់ថវិកា ដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាល ជាអាទិភាពសម្រាប់ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាល បានទទួលស្គាល់ដោយត្រង់ថា បច្ចុប្បន្នកម្ពុជាមានសម្ភារៈបរិក្ខារទំនើបហើយ តែនៅខ្វះគ្រូពេទ្យឯកទេស និងបុគ្គលិកជំនាញវះកាត់សំខាន់ៗនៅតាមមូលដ្ឋាន។ សម្តេចសង្កត់ធ្ងន់ថា ការមានឧបករណ៍ទំនើប តែគ្មានមនុស្សចេះប្រើ នឹងធ្វើឱ្យទុកចោល ខាតបង់ថវិកាលើសដើម។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅពង្រឹងធនធានមនុស្សជា ២ដំណាក់កាល ដោយរួមបញ្ចូលទាំងការបង្កើតរូបមន្តថ្មីផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ពីមុនយើងមានតែបុគ្គលិករយៈពេលវែង និងបុគ្គលិកក្របខណ្ឌ ពេលនេះយើងបង្កើតរូបមន្តថ្មីធ្វើការសាកល្បងជ្រើសរើសបុគ្គលិកកុងត្រា ឬកិច្ចសន្យា។
បន្ថែមលើការជ្រើសរើសបុគ្គលិកកិច្ចសន្យា សម្តេចធិបតី ក៏បានណែនាំឱ្យផ្តល់អាទិភាពក្របខ័ណ្ឌរដ្ឋ ដល់គ្រូពេទ្យដែលកំពុងបម្រើការងារនៅមូលដ្ឋានស្រាប់ ព្រោះការបណ្តុះបណ្តាលនៅថ្នាក់កណ្តាល រួចទើបបញ្ជូនទៅមូលដ្ឋាន គឺត្រូវចំណាយពេលយូរ។ វិធានការទាំងនេះ នឹងជួយឱ្យមន្ទីរពេទ្យបង្អែកនៅតាមបណ្តាស្រុក កាន់តែមានសមត្ថភាពពេញលេញក្នុងការព្យាបាល និងសង្គ្រោះអាយុជីវិតពលរដ្ឋបានទាន់ពេលវេលា ៕









ដោយ៖ វណ្ណលុក