លោក ត្រាំ ថា អាមេរិក មិនប្រញាប់សម្រេចចិត្តប្រើកម្លាំងយោធាបន្ថែមប្រឆាំងនឹង អ៊ីរ៉ង់ ទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងអះអាងកាលពីថ្ងៃ ព្រហស្បតិ៍ ថា រូបលោកមិនប្រញាប់ប្រញាល់សម្រេចចិត្តលើការប្រើប្រាស់កម្លាំងយោធាបន្ថែមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នោះទេ ហើយថា លោកនឹងរង់ចាំរហូតដល់ដើមឆ្នាំ២០២៧ ដើម្បីកំណត់ជំហានបន្ទាប់របស់សហរដ្ឋអាមេរិក ។

ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយសារព័ត៌មាន Axios, មេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា រូបលោកនឹងមិនប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តណាមួយ ដើម្បីប្រើប្រាស់កម្លាំងយោធាបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ទៀតនោះទេ ។ យើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើង បន្ទាប់ពីដើមឆ្នាំក្រោយ ។

លោក ត្រាំ បានផ្តល់បទសម្ភាសន៍នេះនៅលើយន្តហោះ Air Force One ខណៈពេលកំពុងធ្វើដំណើរត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសចិន ។

យ៉ាងណា សេតវិមានបានស្នើឱ្យមន្ទីរបញ្ចកោណ និងមន្ត្រីស៊ើបការណ៍សម្ងាត់ វាយតម្លៃអំពីរបៀបដែលអ៊ីរ៉ង់អាចឆ្លើយតប ប្រសិនបើអាមេរិកសម្រេចចិត្តបំផ្ទុះសង្គ្រាមជុំថ្មី ។

ក្នុងនោះរួមមានការកំណត់គោលដៅវាយប្រហារលើទីតាំងដែលសង្ស័យថា ជាមូលដ្ឋាននុយក្លេអ៊ែរ ហេដ្ឋារចនាសម្ព័ន្ធ និងមេដឹកនាំអ៊ីរ៉ង់ ។ នេះបើយោងតាមប្រភពចំនួនពីរដែលដឹងអំពីបញ្ហានេះ និងត្រូវបាន Axios ដកស្រង់ផ្សាយ ។

ទោះបីជាកាលពីសប្តាហ៍មុន លោកប្រធានាធិបតី ត្រាំ បានលើកឡើងថា ការវាយប្រហារទ្រង់ទ្រាយធំជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ គឺជាលទ្ធភាពដែលមិនសូវអាចកើតឡើងក៏ដោយ ក៏ Axios បានរាយការណ៍កាលពីថ្ងៃ ពុធ ថា លោកនៅតែកំពុងពិចារណាលើជម្រើសវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល ។

របាយការណ៍បានបញ្ជាក់ថា លោក ត្រាំ អាចផ្លាស់ប្តូរចិត្តនៅពេលណាក៏បាន ហើយសូម្បីតែក្នុងករណីដែលលោកមានបំណងបើកការវាយប្រហារក្នុងពេលឆាប់ៗ ក៏លោកមិនចាំបាច់បង្ហើបពីផែនការនោះជាមុនដែរ ៕

ប្រភព ៖ Axios និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner