លោក ពូទីន ថា រុស្ស៊ី ត្រៀមរួចរាល់ ក្នុងការចាប់ដៃជាមួយ ចិន និងអាមេរិក ថែរក្សាសន្តិភាពពិភពលោក
ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអះអាងកាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចរាល់ ក្នុងការចាប់ដៃធ្វើការរួមគ្នាជាមួយប្រទេសចិន និងអាមេរិក ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព និងសន្តិសុខនៅលើពិភពលោក ។
លោក ពូទីន បានថ្លែងបែបនេះក្នុងអំឡុងកិច្ចប្រជុំកំពូលត្រីភាគីរវាងចិន រុស្ស៊ី និងអាមេរិក ដែលមានការចូលរួមពីសំណាក់លោកប្រធានាធិបតី ស៊ី ជីនពីង និងលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅទីក្រុងសិនជិន ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ។
មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបាននាំប្រទេសទាំងបីឱ្យមករួមគ្នា ។
លោក ពូទីន បានអះអាងថា ការការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់សន្តិភាពអន្តរជាតិ គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសមហាអំណាចពិភពលោកទាំងបី ។
លោក ពូទីន បន្ថែមថា ចំណែកការដោះស្រាយបញ្ហាតំបន់កំពុងមានភាពតានតឹងឱ្យបានសមស្រប ក៏ជាផលប្រយោជន៍រួមរបស់ប្រទេសរុស្ស៊ី ចិន និងអាមេរិកផងដែរ ។
ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេច ក្នុងការចាប់ដៃជាមួយចិន និងអាមេរិក ដើម្បីលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិប្រកបដោយសេរីភាព និងបើកចំហ ជាពិសេសការការពារសន្តិសុខថាមពល និងសន្តិសុខស្បៀង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ៕
ប្រភព ៖ Xinhua ប្រែសម្រួល ៖ ឈឹម ទីណា
