លោក ស៊ី ជីនពីង ថា កិច្ចប្រជុំកំពូល ចិន រុស្ស៊ី អាមេរិក មានលក្ខណៈវិជ្ជមាន និងទទួលបានលទ្ធផលផ្លែផ្កា

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់កាលពីថ្ងៃ ព្រហស្បតិ៍ ថា កិច្ចប្រជុំកំពូលត្រីភាគីរវាងប្រទេសចិន រុស្ស៊ី និងអាមេរិក បានដំណើរការប្រកបដោយលក្ខណៈវិជ្ជមាន ស្ថាបនា និងទទួលបានលទ្ធផលផ្លែផ្កា ។

លោក ស៊ី បានថ្លែងអះអាងបែបនេះ នៅពេលសង្ខេបអំពីគោលការណ៍ឯកភាពសំខាន់ៗដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងសិនជិន ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ។

មេដឹកនាំចិនរូបនេះ បានបញ្ជាក់ថា ប្រទេសទាំងបីមានទស្សនៈរួមគ្នាលើការការពារសន្តិភាពពិភពលោក ហើយមេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ថា សន្តិភាពដែលសម្រេចបានដោយការលំបាក ត្រូវតែទទួលបានការថែរក្សា និងការពារឱ្យបានខ្ជាប់ខ្ជួន ។

លោក ស៊ី បន្ថែមថា មេដឹកនាំទាំងបីក៏បានឯកភាពគ្នាដែរថា ប្រទេសមហាអំណាចគួរតែយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ចំពោះក្តីបារម្ភផ្នែកសន្តិសុខស្របច្បាប់របស់ប្រទេសនីមួយៗ ហើយការសន្ទនា និងការចរចា គឺជាជម្រើសដ៏ត្រឹមត្រូវក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នា ។

លោក ស៊ី អះអាងថា សន្តិភាពនៅតែមានក្តីសង្ឃឹម ដរាបណាការសន្ទនាមិនត្រូវបានបញ្ឈប់ ហើយទ្វារចរចាមិនត្រូវបានបិទ ។ បន្ថែមលើនេះ មេដឹកនាំទាំងបីក៏បានឯកភាពដែរថា កិច្ចសហប្រតិបត្តិការ គឺជាកត្តាចាំបាច់ ក្នុងការជម្នះបញ្ហាប្រឈមនានា ។

ជាចុងក្រោយ ប្រធានាធិបតីចិនរូបនេះ សង្កត់ធ្ងន់ថា ប្រទេសទាំងបីគួរតែអនុវត្តឱ្យបានជាក់ស្តែង នូវគោលការណ៍ឯកភាពដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូល ពិសេសបន្តពង្រឹងការប្រាស្រ័យទាក់ទង ជំរុញសន្តិភាពតាមរយៈកិច្ចសហប្រតិបត្តិការ និងរួមគ្នាធ្វើការដើម្បីកសាងពិភពលោកមួយដែលកាន់តែប្រសើរឡើង ៕

ប្រភព ៖ Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner