តួកគីយ៉េ ដាក់បញ្ចូលយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេលើពិភពលោក ទៅក្នុងជួរកងទ័ពជាផ្លូវការ

អង់ការ៉ា ៖ ទីបំផុត ប្រទេសតួកគីយ៉េដែលជាបងធំទី២ក្នុងអង្គការណាតូ សម្រេចដាក់បញ្ចូលយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេលើពិភពលោក មានឈ្មោះថា KIZILELMA ទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធជាផ្លូវការ បន្ទាប់ពីបានចំណាយពេលអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ ។

ជាមួយគ្នានេះ ក្រុមហ៊ុនការពារជាតិយក្ស Baykar បានប្រគល់យន្តហោះ KIZILELMA ចំនួន ៣ គ្រឿងដំបូងទៅឱ្យកងកម្លាំងសន្តិសុខតួកគីយ៉េរួចហើយ បន្ទាប់ពីយន្តហោះចម្បាំងគ្មានមនុស្សបើកមួយនេះ បានហោះហើរសាកល្បងលើកដំបូងកាលពីជិត ៤ ឆ្នាំមុន ។

បើតាម Anadolu, យន្តហោះចម្បាំងគ្មានមនុស្សបើក KIZILELMA មានដងខ្លួនប្រវែង ១៤,៥ ម៉ែត្រ ស្លាបប្រវែង ១០ ម៉ែត្រ និងទម្ងន់អតិបរមាពេលហោះហើរឡើងប្រហែល ៨,៥ តោន ហើយវាដំណើរការដោយម៉ាស៊ីន Turbofan បំពាក់ដោយបច្ចេកវិទ្យា AI ដ៏ទំនើប ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន Baykar, យន្តហោះចម្បាំង KIZILELMA មានសមត្ថភាពហោះហើរក្នុងល្បឿនលឿនជាងសំឡេងជិង ១ដង ឬ ៩០ភាគរយនៃល្បឿនសំឡេង ហើយអាចផ្ទុកអាវុធបានទម្ងន់រហូតដល់ ១,៥០០ គីឡូក្រាម ។

ចំណុចពិសេសរបស់វា គឺអាចហោះហើរជ្រែកមេឃបានជាង ៣ ម៉ោង ជាមួយល្បឿនប្រហែល ១,១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចពាំគ្រាប់មីស៊ីលរត់ល្បឿនលឿនជាងសំឡេង ០.៦ ដង ឬស្មើនឹង ៧៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ស្របពេលដាក់បញ្ចូលយន្តហោះចម្បាំងនេះទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ, ប្រធានាធិបតីតួកគីយ៉េ លោក Recep Tayyip Erdogan បានបញ្ជាក់តាមបណ្តាញសង្គមថា កងទ័ពតួកគីយ៉េនឹងទទួលបានជ័យជម្នះជាបន្តបន្ទាប់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំង KIZILELMA ហើយលោកសង្ឃឹមថា សមិទ្ធផលដ៏មានមោទនភាពនេះ នឹងនាំមកនូវភាពជោគជ័យដ៏អស្ចារ្យដល់ប្រទេសជាតិ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner