លោក Trump ចង់ឱ្យក្រុមហ៊ុន Nvidia ផ្តល់ឱកាសទី២ ដល់លោក Huang
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវកាលពីថ្ងៃសុក្រ ឱ្យក្រុមហ៊ុនផលិតបន្ទះឈីបយក្ស អិនវីឌា (Nvidia) ផ្តល់ឱកាសទី២ ក្នុងការទទួលយកលោក ជេនសិន ហួង ឱ្យត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិវិញ ។
ការអំពាវនាវរបស់លោក ត្រាំ នេះកើតឡើង បន្ទាប់ពីលោក ជេនសិន ហួង បានសម្រេចចិត្តលាលែងពីតំណែងកាលពីសប្តាហ៍មុន ដោយសារតែរឿងអាស្រូវ ស្នេហាក្រៅអាពាហ៍ពិពាហ៍ ក្នុងនោះមាននារីម្នាក់រងការចោទប្រកាន់ថា បានធ្វើជាចារកម្មឱ្យប្រទេសចិន ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា រូបលោកចង់ឃើញលោក ហួង ត្រឡប់មកកាន់តំណែងដូចដើមវិញ ដោយលោកសរសើរថា លោក ហួង ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកមានប្រាជ្ញាឆ្លាតវៃបំផុតនៅលើពិភពលោក ដូច្នេះលោកចង់ឃើញលោក ហួង ទទួលបានឱកាសលើកទី២ ។
លោក ត្រាំ ក៏បានហៅលោក ហួង ដែរថា ជាមនុស្សល្អ ដែលបានធ្វើការសម្រេចចិត្តខុសមួយចំនួន ដោយលោកបានអំពាវនាវឱ្យលោក ហួង សុំទោសជាសាធារណៈ និងវិលត្រឡប់ទៅដឹកនាំក្រុមហ៊ុន Nvidia សាជាថ្មី ។
បើតាម CNA, ទោះបីជាលោក ហួង បានបង្ហាញឆន្ទៈចង់ត្រឡប់ទៅកាន់តំណែងវិញក៏ដោយ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Nvidia បានច្រានចោលលទ្ធភាពនេះ ។
ប្រធានក្រុមប្រឹក្សាភិបាល លោក ហាវី ចូនស៍ និយាយថា ក្រុមប្រឹក្សាភិបាលបានទទួលយកការលាលែងរបស់លោក ហួង ជាឯកច្ឆន្ទហើយ ហើយមិនមានបំណងតែងតាំងលោកឱ្យត្រឡប់មកកាន់តំណែងនាយកប្រតិបត្តិវិញទេ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា