អ្នកនាំពាក្យ៖​ កម្ពុជា-បារាំង បានបំបែកឯតទគ្គកម្មក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាច្រើនបំផុតក្នុងពេលតែមួយ 

ឯកឧត្តម​ ប៉ែន​ បូណា​ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា​ កម្ពុជា–បារាំង បានបំបែកឯតទគ្គកម្មក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាច្រើនបំផុតក្នុងពេលតែមួយ ដោយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដល់ទៅ២៩ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកម្ពុជា។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចនេះថា បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា–បារាំង ដែលជាផលប្រយោជន៍រួមរវាងប្រទេសនិងប្រជាជនទាំងពីរ។

អ្នកនាំពាក្យបន្តថា​ កិច្ចព្រមព្រៀងទាំង២៩ពាក់ព័ន្ធនឹងវិស័យជាច្រើនដែលក្នុងមានជាអាថ៌៖ កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី, កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ, សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ, ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូននិងរក្សាថាមពលវារីអគ្គីសនី, សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ, កិច្ចសន្យាបង្កើតទីផ្សារបោះដុំនិងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈនិងឯកជនចំនួន ២៣ ផ្សេងទៀត។ ក្រៅពីការបំបែកឯតទគ្គកម្មលើកិច្ចព្រមព្រៀង ភាពស្និទ្ធស្នាលប្រកបដោយមនោសញ្ចេតនាដ៏ពិសេសរវាងថ្នាក់ដឹកនាំកម្ពុជា–បារាំង និងភាពស្និទ្ធស្នាលរវាងប្រធានាធិបតីបារាំងជាមួយប្រជាជនកម្ពុជា ក៏ជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយដែរ។

ឯកឧត្តម ​ប៉ែន​ បូណា​ បានបន្តទៀតថា​ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការហ្វ្រង់កូហ្វូនី កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០២៦ ក្នុងរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិតក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា៖ «បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត ប៉ុន្តែ ស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា ខណៈដែលដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ការធានាឱ្យជនភៀសសឹកទាំងនោះអាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង»។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្តីសម្រេចស្តីពី«ស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី» ដែលមានខ្លឹមសារសរុបចំនួន៨៤ចំណុច គ្របដណ្តប់លើបណ្តាប្រទេស និងតំបន់សំខាន់ៗជុំវិញពិភពលោក ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា–ថៃ ដែរ។ពាក់ព័ន្ធនឹងកម្ពុជា សេចក្តីសម្រេច បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ និងបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ 

សេចក្តីសម្រេចក៏បានសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យមានការធានាការការពារប្រជាជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងធ្វើយ៉ាងណាឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ, ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់៕

ដោយ៖ពលជ័យ

ads banner