គណៈប្រតិភូសភាកម្ពុជា និវត្តន៍ដល់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់បេសកកម្មការទូតសភាដោយជោគជ័យនៅហ្វីលីពីន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនិវត្តន៍ មកកាន់មាតុភូមិវិញកាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៦ បន្ទាប់ពីចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA/អាយប៉ា) លើកទី៤៧ ប្រកបដោយជោគជ័យ។
នៅព្រលានយន្តហោះអន្តរជាតិតេជោ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទការល័យសម្ដេចប្រធានរដ្ឋសភាប្រាប់អ្នកកាសែតថា អំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ សម្តេចប្រធានរដ្ឋសភា និងសមាជិក សមាជិកាគណៈប្រតិភូទាំងអស់បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបានជួបជាមួយគណៈប្រតិភូសភាប្រទេសដទៃទៀតក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សំដៅពង្រឹងវិស័យការទូតសភា ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីសន្តិភាព និងវិបុលភាពរួម ពិសេសផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ។
ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ជោគជ័យធំមួយរបស់សភាកម្ពុជា គឺស្ថានភាពពលរដ្ឋភៀសសឹកចំនួនជាង ២ម៉ឺននាក់ ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ ត្រូវបានដឹងឭក្នុងមហាសន្និបាតអាយប៉ាលើកទី៤៧ ។មហាសន្និបាតទំាងមូលបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹក ទំាងអស់ និងបានលើកទឹកចិត្តភាគីទាំងពីរ ឱ្យគោរពយ៉ាងពេញលេញ និងអនុវត្តដោយស្មោះត្រង់ នូវការប្តេជ្ញាចិត្តឈប់បាញ់ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីនែទីក្រុងសេប៊ូ ខែឧសភា ឆ្នាំ២០២៦ ថ្មីៗ ។
ក្នុងមហាសន្និបាត, អាយប៉ាក៏បានរំលេច ពីខួបលើកទី៥០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជារយៈពេលប្រាំទសវត្សរ៍នៃការជ្រើសរើសកិច្ចសន្ទនាជំនួសដើម្បីដោះស្រាយជម្លោះ និងកិច្ចសហប្រតិបត្តិការជំនួសការប្រឈមមុខដាក់គ្នា ព្រមទាំងបានបញ្ជាក់ជាថ្មីនូវគោលការណ៍ដ៏យូរអង្វែងនៃការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងការបោះបង់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី ផងដែរ។
វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះ មិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទំាងក្នុងតំបន់និងសកលលោក។
មុនបិទបញ្ចប់កិច្ចប្រជុំមហាសន្និបាត ប្រធានអាយប៉ាលើកទី៤៧ បានប្រគល់ទង់អាយប៉ា ជូនដល់ ឯកឧត្តម Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី ជានិមិត្តរូបនៃការផ្លាស់វេនជាប្រធានអាយប៉ា។ ប្រទេសសិង្ហបុរី នឹងត្រូវធ្វើជាប្រធានអាយប៉ា បន្តពីប្រទេសហ្វីលីពីន និងត្រូវរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៨ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។
សូមជម្រាបថា អាយប៉ាជាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស ហើយនៅក្នុងមហាសន្និបាតលើកទី៤៧ បានបញ្ចូល រដ្ឋសភាទីម័រឡេស្ត ជាសមាជិកពេញសិទ្ធ។ ដូចនេះចាប់ពីពេលនេះតទៅ សមាជិក ១១ ដូចជា ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងសភានៃសាធារណរដ្ឋទីម័រឡេស្ត ៕
ដោយ៖វណ្ណលុក
រូបភាព៖ហេង សម្បត្តិ





