អាជ្ញាធរជាតិអប្សរា រៀបចំខ្សែទស្សនាថ្មីនៅប្រាសាទមេបុណ្យខាងលិច ទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ

ភ្នំពេញ៖ បន្ទាប់ពីប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លា ត្រូវបានបញ្ចប់ការជួសជុលជាស្ថាពរ និងបើកឱ្យ​សាធារណជន​ចូលទស្សនាជាផ្លូវការ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារទេសចរណ៍ និងខ្សែទស្សនាថ្មីប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការរៀបចំខ្សែទស្សនានៅបរិវេណប្រាសាទ និងខ្សែទស្សនាភ្ជាប់ជុំវិញលើខ្នងទំនប់បារាយណ៍ខាងលិចនេះ គឺដើម្បីផ្តល់ជម្រើស និង​បទពិសោធន៍​​ថ្មីប្លែកដល់ភ្ញៀវទេសចរ ក្នុងការស្វែងយល់ពីប្រវត្តិសាស្ត្រ និងតួនាទីដ៏សំខាន់របស់បារាយណ៍ខាងលិចដែលបន្តផ្តល់ប្រយោជន៍​ដល់សហគមន៍រហូតដល់បច្ចុប្បន្ន ក៏ដូចជាជួយពន្យារពេលវេលាស្នាក់នៅរបស់ភ្ញៀវក្នុងខេត្តសៀមរាបផងដែរ។

នេះបើតាមការបញ្ជាក់របស់លោក ចាន់ សំណាង ប្រធានការិយាល័យគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍បានឱ្យដឹងទៀតថា ត្រឹមថ្ងៃដំបូងនៃ​ការបើកដំណើរការ ទីតាំងនេះទទួលបានភ្ញៀវជាតិជាង ៥០០នាក់ និងអន្តរជាតិជិត ១០០នាក់។

អាជ្ញាធរបានដំឡើងរោងតាំងពិព័រណ៍ ស្លាកសញ្ញា និងផ្ទាំងព័ត៌មានលម្អិតអំពីប្រវត្តិសាស្ត្រ និងដំណើរការជួសជុលអភិរក្ស ដើម្បីសម្រួល​ដល់ការទស្សនា។ ភ្ញៀវទេសចរអាចចំណាយពេលជាមធ្យម ១ម៉ោង ៤៥នាទី ដើម្បីជិះទូកស្រូបយកខ្យល់អាកាសបរិសុទ្ធទៅ-មករយៈពេល ៣០នាទី និងដើរទស្សនាលើកោះប្រាសាទរយៈពេល ១ម៉ោង ១៥នាទី ព្រមទាំងអាចគយគន់ទេសភាពប្រាសាទភ្នំបាខែង​ពីចម្ងាយ​យ៉ាង​ស្រស់ស្អាត។

សម្រាប់សេវាកម្មធ្វើដំណើរតាមទូក ដែលជួយលើកកម្ពស់ជីវភាពសហគមន៍ លោក ណឿយ លីន ប្រធានសហគមន៍កាណូតបារាយណ៍​ទឹកថ្លាខាងលិច បានបញ្ជាក់ថា បច្ចុប្បន្នសហគមន៍មានទូកចំនួន ១៨គ្រឿង ដោយផ្តល់ជម្រើសធ្វើដំណើរ ២បែប។ ជម្រើសទីមួយ គឺការ​ជួល​ទូកចេញដំណើរតាមតម្រូវការចាប់ពីម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០នាទីល្ងាច ក្នុងតម្លៃ ៨០ ០០០រៀល ក្នុងមួយគ្រឿង ដែលអាចផ្ទុកភ្ញៀវបាន ១០នាក់។ ចំណែកជម្រើសទីពីរ គឺការចេញដំណើរតាមម៉ោងកំណត់ចំនួន ២ជើងក្នុងមួយថ្ងៃ គឺម៉ោង ១០ព្រឹក និងម៉ោង ១រសៀល ដោយគិតតម្លៃ ៨,០០០រៀលក្នុងម្នាក់សម្រាប់ភ្ញៀវខ្មែរ និង ១២,០០០រៀល (៣ដុល្លារ) សម្រាប់ភ្ញៀវបរទេស ហើយ​សហគមន៍ក៏ជួយសម្របសម្រួលបញ្ចូលក្រុមភ្ញៀវតូចៗ ២ ឬ ៣នាក់ ឱ្យជិះរួមគ្នាដើម្បីកាត់បន្ថយការចំណាយផងដែរ។

ទន្ទឹមនឹងកំណើនភ្ញៀវនេះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឱ្យភ្ញៀវទេសចរចូលរួមអនុវត្តវិធានការសំខាន់ៗចំនួន ៣ រួមមាន៖ ការរក្សា​សុវត្ថិភាពដោយពាក់អាវពោងជាប់ជានិច្ច និងគោរពចំនួនអ្នកជិះតាមការកំណត់ ការថែរក្សាបរិស្ថានដោយចៀសវាងយកចំណីអាហារ សត្វចិញ្ចឹម និងឧបករណ៍បំពងសំឡេងចូលបរិវេណប្រាសាទ ឬត្រូវវេចខ្ចប់សំរាមត្រឡប់មកគោកវិញ ព្រមទាំងការចូលរួមអភិរក្ស​ដោយ​ហាមប៉ះពាល់ ជាន់លើក្បាច់ចម្លាក់ និងហាមចុះលេងទឹកក្នុងបរិវេណប្រាសាទ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានណែនាំដល់អាជីវករ​នៅមាត់​ទឹកខ្នងទំនប់បារាយណ៍ឱ្យរក្សាអនាម័យ សេវាកម្មល្អ និងមិនដំឡើងតម្លៃម្ហូបអាហារ ដើម្បីរួមគ្នាជំរុញសេដ្ឋកិច្ចសហគមន៍​ប្រកប​ដោយ​ចីរភាព និងថែរក្សាមរតកវប្បធម៌ឱ្យគង់វង្សយូរអង្វែង៕


ដោយ៖ទួន សុផល

ads banner