ពលរដ្ឋជាង ១ពាន់នាក់ រួមគ្នាដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង ៥០ម៉ែត្រ ដើម្បីអភិរក្សវប្បធម៌ជនជាតិដើមភាគតិចគួយ
ព្រះវិហារ៖ ប្រជាពលរដ្ឋ និងភ្ញៀវកិត្តិយស ១,០១៥នាក់ បានរួមគ្នាបង្កើតព្រឹត្តិការណ៍ដុតក្រឡានទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ដោយប្រើប្រាស់ចង្ក្រានប្រវែងរហូតដល់ ៥០ម៉ែត្រ ជាមួយក្រឡានសរុបចំនួន ១,៣៥៣បំពង់ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តទួលឧត្តម (វត្តប្រមេរុ) ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយរដ្ឋបាលស្រុកត្បែងមានជ័យ ក្រោមកិច្ចសហការពីអនុគណៈកម្មការភូមិប្រមេរុ ភូមិបុះធំ និងភូមិស្រែព្រាង ក្នុងគោលបំណងថែរក្សា ផ្សព្វផ្សាយប្រពៃណី និងអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចគួយ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីភាពក្នុងសហគមន៍។
ដើម្បីធ្វើក្រឡានទាំង ១,៣៥៣បំពង់នេះ គណៈកម្មការបានប្រើប្រាស់អង្ករសរុប ៣០០គីឡូក្រាម សណ្តែក ៣០គីឡូក្រាម និងដូង ២៥គីឡូក្រាម។ ក្រៅពីពិធីដុតក្រឡាន និងការជូនក្រឡានដល់គណៈអធិបតីដោយតំណាងភូមិទាំងបី កម្មវិធីក៏មានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
ព្រឹត្តិការណ៍ដុតក្រឡានខ្នាតធំនេះ ត្រូវបានចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការបំផុសស្មារតីមហាជនឱ្យចូលរួមថែរក្សាមរតកវប្បធម៌ដូនតាជនជាតិដើមភាគតិចគួយ ឱ្យបន្តស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕













ដោយ៖ឡុង សំបូរ