កម្ពុជា-ចិន បើកសមយុទ្ធ «នាគមាស ឆ្នាំ២០២៦» ជាផ្លូវការ នៅមូលដ្ឋានសមុទ្ររាម

ពិធីបើកការធ្វើសមយុទ្ធរួម«នាគមាស ឆ្នាំ២០២៦» រវាងកងទ័ពកម្ពុជា និងចិន បានប្រារព្ធឡើងនៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីទោ លីវ ស៊ូមីន (Liu Sumin) មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន នៅមូលដ្ឋានសមុទ្ររាម។
 
របាយការណ៍របស់ឧត្តមសេនីយ៍ទោ សុក្រុត្យ វិទ្យា នៃអនុគណៈកម្មការដឹកនាំសមយុទ្ធ បានបញ្ជាក់ថា សមយុទ្ធ «នាគមាស ឆ្នាំ២០២៦» គឺជាសមយុទ្ធលើកទី៨ហើយរវាងកងទ័ពកម្ពុជា និងចិន។ សមយុទ្ធនេះធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរសមុទ្ររួមគ្នា និងការងារមនុស្សធម៌»។
 
សមយុទ្ធឆ្នាំនេះមានរួមបញ្ចូលទាំងលើគោក លើសមុទ្រ និងលើអាកាស ហើយមានទ្រង់ទ្រាយធំជាងសមយុទ្ធចំនួន៧លើកកន្លងមក ទាំងផ្នែកកម្លាំងយោធាចូលរួម និងការប្រើប្រាស់យុទ្ធោបករណ៍។ កម្លាំងយោធាដែលចូលរួមធ្វើសមយុទ្ធមានចំនួនសរុបប្រមាណ ២ ៩៤០នាក់ ក្នុងនោះកម្ពុជាមាន​ ១ ៦២៦នាក់ និងចិន ១ ៣១៤នាក់។ ចំណែកយុទ្ធោបករណ៍ រួមមាននាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាផ្សេងៗ។
 
យោងតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សមយុទ្ធនេះរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ផ្លាស់ប្តូរបទពិសោធន៍ បង្កើនសមត្ថភាពកម្រិតជំនាញ និងពង្រឹងចំណងមិត្តភាពដែកថែបរវាងកងទ័ពនៃប្រទេសទាំងពីរ។ សមយុទ្ធនេះក៏ផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម ការងារមនុស្សធម៌ និងការងារសង្គ្រោះផងដែរ។
 
ពាក់ព័ន្ធទីកន្លែងធ្វើសមយុទ្ធវិញ សមយុទ្ធលើគោក និងអាកាស នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថាននាយទាហានចម្រុះ និងសាលាហ្វឹកហ្វឺនតេជោ សែន ជុំគិរី រីឯសមយុទ្ធលើសមុទ្រ និងអាកាសត្រូវរៀបចំនៅមូលដ្ឋានសមុទ្ររាម មូលដ្ឋានទ័ពអាកាសកងកេង និងតំបន់សមុទ្រខេត្តព្រះសីហនុ។
 
ក្នុងអំឡុងពេលសមយុទ្ធនេះ នឹងមានការប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន និងការចល័តកងទ័ពទាំងលើទឹក លើគោក និងលើអាកាស។ ជាមួយគ្នានេះ ក៏មានសកម្មភាពការងារសង្គម និងមនុស្សធម៌នៅតាមបណ្តាមូលដ្ឋានក្បែរតំបន់សមយុទ្ធផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner