ទូក-ង «សូទ្រនិគមមានជ័យបារមីតាពេជ្រ» គ្រងជ័យលាភីលេខ១ ក្នុងពិធីបិទការប្រណាំងទូកនៅខេត្តសៀមរាប
សៀមរាប៖ ពិធីប្រណាំងទូក-ង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប បានបិទបញ្ចប់ដោយជោគជ័យកាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កីឡាករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការប្រកួតរយៈពេល ២ថ្ងៃនេះ មានទូកចូលរួមសរុបរួមមាន ទូកខ្នាតអន្តរជាតិចំនួន ២០ទូក (មកពីខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ និងខេត្តកណ្ដាល) ទូកផ្កាចារ ១៩ទូក ទូកនាគ ១៨ទូក ព្រមទាំងទូកយុវជនសម្រាប់អុំជាកិត្តិយសផងដែរ។
ជាលទ្ធផលជ័យលាភីតាមប្រភេទវិញ្ញាសារួមមាន៖វិញ្ញាសាទូក-ង៖ លេខ១ បានទៅទូក «សូទ្រនិគមមានជ័យបារមីតាពេជ្រ» (ស្រុកសូទ្រនិគម) ,លេខ២ បានទៅទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ» (សង្កាត់សៀមរាប) និងលេខ៣ បានទៅទូក «សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធ» (ខេត្តបន្ទាយមានជ័យ)។
ចំណែកវិញ្ញាសាទូកនាគអន្តរជាតិ៖ លេខ១ បានទៅទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ» ,លេខ២ បានទៅទូក «ពេជ្រកុមារសែនជ័យ» (ខេត្តកណ្ដាល) និងលេខ៣ បានទៅទូក «រាកល្យាណី បារមីនាងកែវប្រាំពីរពណ៌» (ស្រុកពួក)។
វិញ្ញាសាទូកផ្កាចារ៖ លេខ១ បានទៅទូក «ពេជ្រកុមារសែនជ័យ» (ខេត្តកណ្ដាល) ,លេខ២ បានទៅទូក «នាងកែវមុន្នីមានជ័យបារមីប្រាសាទអធ្វា» (សង្កាត់សៀមរាប) និងលេខ៣ បានទៅទូក «ស្តេចដំរីសភ្លុកខៀវមានជយបារមីវត្តអារញ្ញសាគរ»។
ថ្លែងក្នុងពិធីបិទការប្រកួត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានកោតសរសើរចំពោះស្មារតីកីឡា ការខិតខំហ្វឹកហាត់ និងសាមគ្គីភាពរបស់ក្រុមកីឡាករទាំងអស់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ ឯកឧត្តមក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញមកកម្សាន្តសប្បាយលើទឹកដីអង្គរឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព និងសុខសុវត្ថិភាព៕
ដោយ៖ប៊ុន រដ្ឋា







