បុណ្យអុំទូកនៅរតនគិរី៖ សមិទ្ធផលថ្មីជុំវិញបឹងកន្សែង ទាក់ទាញអ្នកកម្សាន្តជិត ៦ម៉ឺននាក់

រតនគិរី៖ ភាពទាក់ទាញនៃសមិទ្ធផលទេសចរណ៍ថ្មីៗជុំវិញបឹងកន្សែង រួមជាមួយព្រឹត្តិការណ៍ក្បួនរថយន្តទេសចរណ៍ «ឦសាន Overland III» បានក្លាយជាមេដែកស្រូបទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបជិត ៦ម៉ឺននាក់ ឱ្យទៅកម្សាន្តនៅខេត្តរតនគិរី ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៣ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំនួនអ្នកមក​កម្សាន្ត​សរុបមាន ៥៩ ៩១២ នាក់ កើនឡើង ៤,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៥ ១៦៧ នាក់ កើនឡើង ៣,៥% ,ភ្ញៀវទេសចរអន្តរជាតិចំនួន ៨១៧ នាក់ កើនឡើង ៦,៨% និងប្រជាពលរដ្ឋក្នុងខេត្ត ចំនួនប្រមាណ ៣៣ ៩២៨ នាក់ បានចេញដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា។

កំណើនភ្ញៀវដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានជំរុញដោយការរៀបចំព្រឹត្តិការណ៍ដំណើរកម្សាន្ត «ឦសាន Overland III» ដែលសហការ​រៀបចំ​ដោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ដោយមានក្បួនរថយន្តភ្ញៀវទេសចរធ្វើដំណើរទស្សនាតាមបណ្តា​រមណីយដ្ឋានធម្មជាតិក្នុងខេត្ត។ទន្ទឹមនឹងនេះ នៅតាមវត្តអារាមនានាក៏មានការរៀបចំពិធីអកអំបុក សំពះព្រះខែ និងបង្ហោះគោម ដែល
ទាក់ទាញអ្នកចូលរួមយ៉ាងច្រើនកុះករ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រៅពីតំបន់ធម្មជាតិ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ថ្មីៗជុំវិញបឹងកន្សែង ដែល​បានផ្តល់ជាកន្លែងកម្សាន្ត និងថតរូបដ៏សម្បូរបែប រួមមាន ផ្ទះកូនកំលោះកូនក្រមុំ សួនច្បារ សួនកម្សាន្ត ផ្ទាំងទូរទស្សន៍ LED ខ្សែរ៉ក រូបសំណាក់គ្រួសារសត្វអក សត្វដំរី និងស្ពានជួបស្នេហ៍។

រដ្ឋបាលខេត្តបានអះអាងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តរតនគិរី ត្រូវបានរក្សា​ការពារយ៉ាងល្អប្រសើរ ខណៈម្ចាស់សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាននានា ក៏បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសារាចរណែនាំ​របស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ក្នុងការពង្រឹងគុណភាពសេវាកម្មបម្រើភ្ញៀវទេសចរ ៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner