ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ក្នុងឱកាសបុណ្យអុំទូក ៣ថ្ងៃ

សម្រស់ធម្មជាតិ រួមផ្សំនឹងសមិទ្ធផលទេសចរណ៍ថ្មីៗ និងព្រឹត្តិការណ៍ប្រណាំងទូកដ៏អធិកអធម បានធ្វើឱ្យខេត្តកំពត ក្លាយជា​គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ​ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកកន្លងទៅ។

យោងតាមរបាយការណ៍របស់លោក ញ៉ាន់ ប៊ុនណារិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតស្តីទី ​ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ខេត្តកំពតទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តសរុបចំនួនជាង ៤១ម៉ឺននាក់ ក្នុងនោះ​មានភ្ញៀវទេសចរអន្តរជាតិជិត ២ ៣០០ នាក់។ តួលេខសរុបនេះមានការកើនឡើងជាង២ដងបើធៀបទៅនឹងឆ្នាំ២០២៥។

លោក ញ៉ាន់ ប៊ុនណារិទ្ធ បញ្ជាក់ថា ក្រៅពីការទស្សនាពិធីប្រណាំងទូក និងដើរកម្សាន្តតាមបណ្តារមណីយដ្ឋានធម្មជាតិ កត្តាដែលទាក់ទាញភ្ញៀវឱ្យសម្រុកមក​លេងខេត្ត​កំពតយ៉ាងច្រើនក្នុងឆ្នាំនេះ គឺដោយសារសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ។ ​សំណង់ទេសចរណ៍ថ្មីៗក្នុងក្រុង រួមមាន ឆ្នេរខ្សាច់ កំពង់ផែទេសចរណ៍ សួនច្បារ រូបសំណាកសេះសមុទ្រ នាឡិកាយក្ស សួនទឹករាំតាមចង្វាក់ភ្លេង និងរូបសំណាកបាតដៃសុភមង្គល ដែល​បានក្លាយជាទីតាំងថតរូប និងលម្ហែកាយដ៏ពេញនិយម។

ទន្ទឹមនឹងកំណើនភ្ញៀវដ៏ច្រើននេះ របាយការណ៍បានបញ្ជាក់ថា បន្ទប់ស្នាក់នៅទូទាំងខេត្ត ត្រូវបានភ្ញៀវកក់ពេញ ១០០ភាគរយ ក្នុងរយៈ​ពេល ២ថ្ងៃដំបូង គឺថ្ងៃទី២៣ និងទី២៤ ខែវិច្ឆិកា ខណៈតម្លៃសេវាកម្មទេសចរណ៍ និងម្ហូបអាហារ ត្រូវបានរក្សាស្ថិរភាពល្អ ដោយពុំមាន​បាតុភាពដំឡើងថ្លៃហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវឡើយ។

ចំពោះការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានា ត្រូវបានយកចិត្តទុកដាក់​យ៉ាងខ្ពស់ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកអភិបាលខេត្ត។ ការងារសំខាន់ៗរបស់កម្លាំង​រួមមាន ការរក្សាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ការរៀបចំសណ្តាប់ធ្នាប់​សាធារណៈ និងការសម្រួលចរាចរណ៍នៅតាមទីតាំងដែលមានចរាចរណ៍មមាញឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការ​កម្សាន្តរបស់ប្រជាពលរដ្ឋ៕

ដោយ៖ សិលា សារិន

ads banner