អាមេរិក លក់ឧបករណ៍ថែទាំយន្តហោះចម្បាំង F-16 តម្លៃ ៦២២ លានដុល្លារឱ្យ អ៊ុយក្រែន
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តលើការលក់ឧបករណ៍ថែទាំ និងសម្ភារៈបច្ចេកទេសផ្សេងៗទៅឱ្យប្រទេសអ៊ុយក្រែន សម្រាប់គាំទ្រដល់កងយន្តហោះចម្បាំង F-16 ក្នុងតម្លៃប្រមាណ ៦២២ លានដុល្លារ ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃពុធ ។
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កញ្ចប់ថវិកាទិញឧបករណ៍ថែទាំ និងសម្ភារៈបច្ចេកទេសទាំងនេះ ត្រូវបានផ្តល់ដោយប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប មានដូចជាបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស ខណៈជំនួយទាំងនោះមិនមានកញ្ចប់ថវិការបស់សហរដ្ឋអាមេរិកនោះឡើយ ។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា កញ្ចប់ជំនួយនេះរួមមាន ឧបករណ៍បញ្ឆេះ ឬសារធាតុជំរុញសម្រាប់ប្រព័ន្ធយន្តហោះ, ឧបករណ៍មន្ទីរពិសោធន៍ និងសេវាគាំទ្រផ្នែកដឹកជញ្ជូនជាដើម ។
ការលក់សម្ភារៈនេះដែរ នឹងជួយបង្កើនសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត តាមរយៈការពង្រឹងសមត្ថភាពប្រើប្រាស់យន្តហោះចម្បាំងសម្រាប់បេសកកម្មការពារខ្លួន និងរក្សាសន្តិសុខក្នុងតំបន់ ព្រមទាំងពង្រឹងសមត្ថភាពការពារដែនអាកាស ។
បើតាមកាសែត The Wall Street Journal, ការយឺតយ៉ាវក្នុងការថែទាំ និងកង្វះខាតគ្រឿងបន្លាស់ បានធ្វើឱ្យយន្តហោះចម្បាំង F-16 ច្រើនជាងពាក់កណ្តាលនៃកងយន្តហោះរបស់អ៊ុយក្រែន មិនអាចហោះហើរបំពេញបេសកកម្មបាន ។ របាយការណ៍នេះក៏បានព្រមានដែរថា យន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកទាំងអស់ អាចប្រឈមនឹងបញ្ហានេះនៅត្រឹមដំណាច់ឆ្នាំនេះ ។
យ៉ាងណា មន្ត្រីអ៊ុយក្រែនបដិសេធថា ប្រទេសខ្លួនមិនបានប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដល់កម្រិតនេះនោះទេ ។ ប៉ុន្តែពួកគេបានទទួលស្គាល់ថា គ្រឿងបន្លាស់មួយចំនួនរបស់យន្តហោះប្រភេទនេះ លែងត្រូវបានផលិតទៀតហើយ ដែលធ្វើឱ្យការស្វែងរកគ្រឿងបន្លាស់ទាំងនោះកាន់តែពិបាក ។
បើតាម Arab News, បន្ទាប់ពីរុស្ស៊ីបើកសង្គ្រាមលុកលុយទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ទីក្រុងកៀវបានបន្តជំរុញសម្ព័ន្ធមិត្តលោកខាងលិចឱ្យផ្តល់យន្តហោះចម្បាំងទំនើបៗ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាស ខណៈនៅទីបំផុត អ៊ុយក្រែនបានទទួលយន្តហោះចម្បាំង F-16 កញ្ចប់ដំបូងនៅឆ្នាំ ២០២៤ ៕
ប្រភព ៖ Arab News ប្រែសម្រួល ៖ ឈឹម ទីណា