អ៊ីតាលី ថា សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន មិនគួរពង្រីកដល់សមុទ្រ មេឌីទែរ៉ាណេ ឡើយ

រ៉ូម ៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានថ្លែងកាលពីថ្ងៃ ព្រហស្បតិ៍ ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មិនគួរពង្រីកដល់សមុទ្រមេឌីទែរ៉ាណេនោះទេ បន្ទាប់ពីទីក្រុងកៀវបានអះអាងពីការវាយប្រហារនាវាចំនួនពីរគ្រឿង នៅក្នុង និងក្បែរទីក្រុង Benghazi ភាគខាងកើតប្រទេសលីប៊ី។

ប្រតិកម្មរបស់លោកស្រី Meloni នេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃ ចន្ទ ថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនវាយប្រហារពន្លិចនាវាចម្បាំងរុស្ស៊ីឈ្មោះ Merkury និងបំផ្លាញឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនៅកំពង់ផែ Benghazi ប្រទេសលីប៊ី កាលពីថ្ងៃទី២២ ខែវិច្ឆិកា។

ប្រភពផ្នែកសុខាភិបាលបានឱ្យដឹងថា ការវាយប្រហារនៅកំពង់ផែបានបណ្តាលឱ្យមនុស្សចំនួន ១០នាក់រងរបួស។

បើតាម Anadolu, លោកស្រី Meloni បានប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន និងដៃគូអន្តរជាតិអំពីក្តីបារម្ភនេះ។ យ៉ាងណា លោកស្រីបញ្ជាក់ថា ហេតុការណ៍នៅលីប៊ីនេះ នឹងមិនប៉ះពាល់ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនទេ ដោយអ៊ីតាលីនៅតែបន្តជួយអ៊ុយក្រែនការពារខ្លួនដដែល។

មេដឹកនាំអ៊ីតាលីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ទន្ទឹមនឹងការជួយអ៊ុយក្រែន អ៊ីតាលីក៏ត្រូវតែការពារសន្តិសុខព្រំដែន ពលរដ្ឋរបស់ខ្លួន និងស្ថិរភាពនៅតំបន់មេឌីទែរ៉ាណេផងដែរ ពីព្រោះលីប៊ីស្ថិតនៅក្បែរប្រទេសអ៊ីតាលី ហើយអ៊ីតាលីក៏មានកងទ័ពប្រមាណ ២០០ នាក់ឈរជើងនៅទីនោះដែរ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner