រមណីយដ្ឋានធម្មជាតិជាប់ប្រភពទឹកក្នុងខេត្តបាត់ដំបង ជាគោលដៅកម្សាន្តក្នុងឱកាសបុណ្យអុំទូក
ក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃកន្លងទៅនេះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបជិត១៣ម៉ឺននាក់ កើនឡើងជាង ៤ភាគរយបើធៀបនឹងឆ្នាំមុន។ក្នុងនោះតំបន់រមណីយដ្ឋានធម្មជាតិដែលស្ថិតនៅជាប់ប្រភពទឹក គឺជាគោលដៅដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកទេសចរខ្លាំងជាងគេ។
សម្រស់ធម្មជាតិព្រៃភ្នំ ជ្រលងដងអូរ និងទឹកធ្លាក់ដ៏ថ្លាឈ្វេង បានក្លាយជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្តនៅខេត្តបាត់ដំបង នារយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦ នេះ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល ៣ថ្ងៃ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ១២៩,២៧១នាក់ កើនឡើង ៤,២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ក្នុងនោះ ភ្ញៀវជាតិមានចំនួន ១២៨,២៧៦នាក់ កើនឡើង ៤,២២ភាគរយ និងភ្ញៀវអន្តរជាតិមានចំនួន ៩៩៥នាក់ កើនឡើង ១៣,៧១ភាគរយ។
សូមជម្រាបថា ក្នុងឱកាសបុណ្យអុំទូកកាលពីឆ្នាំ២០២៥ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបចំនួន ១២៣,៩៥៥ នាក់ កើនឡើង ១២.១៩% ធៀបនឹងឆ្នាំ២០២៤ ក្នុងនេះ ភ្ញៀវទេសចរជាតិចំនួន ១២៣,០៨០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨៧៥ នាក់ ។
បើតាមការកត់សម្គាល់មន្រ្តីក្រុមការងារនៃមន្ទីរទេសចរណ៍ តំបន់ដែលនៅក្បែរប្រភពទឹកធម្មជាតិ និងអមដោយព្រៃព្រឹក្សា គឺជាគោលដៅចម្បងនៃដំណើរកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ។
លោកបន្តថា ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ បានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ ក្រោមកិច្ចសហការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាល។
ឆ្លៀតក្នុងឱកាសនេះ លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្តអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងឱ្យបានកាន់តែច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងភាពស្រស់ស្រាយជាមួយខ្យល់ធម្មជាតិ
ត្រជាក់ស្រួលខ្លួន។
ដោយឡែកបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលកំពុងធ្វើដំណើរកម្សាន្ត សុទ្ធតែបានបង្ហាញអារម្មណ៍ជក់ចិត្តចំពោះរមណីយដ្ឋានធម្មជាតិនៅខេត្តបាត់ដំបង។
សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តបាត់ដំបងមានគោលដៅទេសចរណ៍សរុបចំនួន ១១៥កន្លែង ដែលរួមមាន៖ រមណីយដ្ឋានទេសចរណ៍ ២២កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ៤កន្លែង តំបន់គោលដៅទេសចរណ៍ ៥៤កន្លែង ទេសចរណ៍បែបសាសនា ២៩កន្លែង គោលដៅកសិទេសចរណ៍ ៤កន្លែង និងសារមន្ទីរចំនួន ២កន្លែង៕
អត្ថបទ៖ អ៊ុក សំអាន
