អ្នកជំនាញ៖ ពន្ធអាមេរិក១៨%មិនមែនជារឿងល្អទេ ប៉ុន្តែក៏មិនមែនជាមហន្តរាយសម្រាប់កម្ពុជាដែរ


សហរដ្ឋអាមេរិកបានស្នើដំឡើងពន្ធគយលើទំនិញនាំចូលពីកម្ពុជាពី១០% រហូតដល់ ១៨%។ ​ថ្វីបើជារឿងមិនល្អសម្រាប់ការនាំចេញរបស់កម្ពុជា ប៉ុន្តែអ្នកជំនាញយល់ថា ពន្ធនេះក៏មិនមែនជាមហន្តរាយសម្រាប់កម្ពុជានោះដែរ។
 
អត្រាពន្ធគយថ្មី ១៨% ដែលអាមេរិកស្នើដាក់លើកម្ពុជា ទំនងជាអត្រាពន្ធចុងក្រោយសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះជាការវាយតម្លៃរបស់លោក Casey Barnett អតីតប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចជនជាតិអាមេរិក។ លោកយល់ថា ពន្ធថ្មីនេះមិនមែនជារឿងល្អទេសម្រាប់កម្ពុជា ប៉ុន្តែក៏មិនមែនជាមហន្តរាយដែរ។
 
បណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងគូប្រកួតប្រជែងផ្នែកសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ដូចជា ប៉ាគីស្ថាន ស្រីលង្កា និងហ្គាតេម៉ាឡា ទទួលរងពន្ធត្រឹមតែ ១០% ប៉ុណ្ណោះ។ លើសពីនេះ ប្រទេសមួយចំនួនដូចជា ហ្គាតេម៉ាឡា និងម៉ិកស៊ិក មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យពួកគេមិនបាច់បង់ពន្ធប្រទេសមានអនុគ្រោះបំផុត MFN​ ឡើយ។ បើតាមលោក Casey Barnett កត្តានេះអាចជំរុញឱ្យម៉ាកយីហោមួយចំនួន បង្វែរការបញ្ជាទិញទៅកាន់ប្រទេសទាំងនោះ ដើម្បីចៀសវាងអត្រាពន្ធ ១៨%។
 
យ៉ាងណាក៏ដោយ អ្នកជំនាញជនជាតិអាមេរិករូបនេះ យល់ថា កម្ពុជានៅតែអាចរក្សាភាពប្រកួតប្រជែងបាន ដោយសារគូប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា ដូចជា ឥណ្ឌូនេស៊ី និងបង់ក្លាដែស ក៏ទទួលបានអត្រាពន្ធ ១៨% ដូចគ្នា ចំណែកឯវៀតណាមត្រូវបានរំពឹងថានឹងទទួលរងអត្រាពន្ធរហូតដល់ ២០%។
 
ពន្ធថ្មី ១៨% ដែលស្នើលើកម្ពុជានេះ គឺជាការដាក់ជំនួសឱ្យពន្ធបដិការក្រោមច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលរដ្ឋបាលលោក ត្រាំ បានប្រកាសកាលពីខែមេសា ឆ្នាំ២០២៥ ដោយដំបូងឡើយចាប់ផ្តើមពី ៤៩% ហើយក្រោយមកត្រូវបានបញ្ចុះមកត្រឹម ១៩%។ នៅទីបំផុត តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចថា ពន្ធនេះ គឺខុសច្បាប់ ហើយត្រូវបានលុបចោលទាំងស្រុង។ ជាការឆ្លើយតប រដ្ឋបាលលោក ត្រាំ បានធ្វើការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដើម្បីមានហេតុផលដាក់អត្រាពន្ធជាថ្មីម្តងទៀត។
 
លទ្ធផលនៃការស៊ើបអង្កេតចុងក្រោយបញ្ជាក់ថា កម្ពុជាបានអនុវត្តការប្រកួតប្រជែងមិនយុត្តិធម៌ តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកវិនិយោគដល់រោងចក្រ ដែលនាំចេញទៅសហរដ្ឋអាមេរិក ការពឹងផ្អែកលើការវិនិយោគរបស់ចិន និងការពឹងផ្អែកលើវត្ថុធាតុដើមរបស់ចិន។
 
យោងតាមការបញ្ជាក់របស់ លោក Casey Barnett អត្រាពន្ធ ១៨% នេះ អាចនឹងត្រូវដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០២៧ ប្រហែលជានៅក្នុងរង្វង់ខែមីនា បន្ទាប់ពីការដោះស្រាយបណ្តឹងតវ៉ាផ្សេងៗពីភាគីពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានស្នើសុំមតិយោបល់ម្តងទៀតថា តើគួរផ្តល់យន្តការអនុគ្រោះណាមួយដល់សម្លៀកបំពាក់កម្ពុជា​ដែលប្រើប្រាស់កប្បាសអាមេរិកដែរឬទេ។
 
ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ បានវាយតម្លៃថា សំណើដំឡើងពន្ធគយរបស់រដ្ឋបាលសហរដ្ឋអាមេរិក អាចនឹងបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ដ្បិតសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា៕ ទួន សុផល

ads banner