កម្ពុជា និងថៃ ឯកភាពឱ្យគណៈកម្មការផ្សះផ្សាចុះពិនិត្យតាមកោះ និងតំបន់ឆ្នេរសមុទ្រពាក់ព័ន្ធ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅម៉ាឡេស៊ី


ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងគូឡាឡាំពួរ ប្រទេសកម្ពុជា និងថៃ សម្រេចបានវឌ្ឍនភាពល្អប្រសើរលើទិដ្ឋភាពបច្ចេកទេសកំណត់ព្រំដែនសមុទ្រ ហើយអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សា​ចុះពិនិត្យទីតាំងជាក់ស្តែងនៅតាមបណ្តាកោះពាក់ព័ន្ធ។  
 
តុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃដំណើរការផ្សះផ្សារវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ។ តុលាការបញ្ជាក់ថា ភាគីទាំងពីរសម្រេចបានវឌ្ឍនភាពល្អប្រសើរលើទិដ្ឋភាពបច្ចេកទេស ហើយបានឯកភាពគ្នាឱ្យគណៈកម្មការផ្សះផ្សាចុះធ្វើទស្សនកិច្ចស្វែងយល់នៅទីតាំងជាក់ស្តែង។
 
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ ដែលរួមមានអ្នកជំនាញមកពីភាគីនីមួយៗ និងសមាជិកនៃគណៈកម្មការ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនានាពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ តុលាការបញ្ជាក់ថា តាមរយៈកិច្ចប្រជុំបច្ចេកទេសទាំងនេះ ភាគីទាំងពីរបានឈានដល់ការយល់ដឹងរួមគ្នាលើកម្រិតកំណត់បច្ចេកទេសមួយចំនួន ដែលត្រូវយកមកអនុវត្តសម្រាប់ការកំណត់ព្រំដែនសមុទ្រ។
 
ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំមុនៗ ភាគីទាំងពីរ និងគណៈកម្មការផ្សះផ្សា បានជជែកលម្អិតអំពីការកំណត់ព្រំដែនសមុទ្រ និងបានឯកភាពគ្នាលើបែបបទនៃដំណើរទស្សនកិច្ចរបស់គណៈកម្មការទៅកាន់កោះ និងតំបន់ឆ្នេរសមុទ្រនៃប្រទេសទាំងពីរ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីភូមិសាស្ត្រជាក់លាក់នៅទីនោះ។
 
លោកស្រី Katrina Cooper ប្រធានគណៈកម្មការសម្រុះសម្រួល បានសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃកិច្ចប្រជុំនៅគូឡាឡាំពួរ ហើយជឿជាក់ថា ការចរចាបន្ទាប់នឹងដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ លោកស្រីបន្ថែមថា ដំណើរចុះពិនិត្យទីតាំងនឹងអនុញ្ញាតឱ្យគណៈកម្មការទទួលបានការយល់ដឹងដោយផ្ទាល់អំពីតំបន់ដែលពាក់ព័ន្ធនឹងនីតិវិធី។
 
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចាត់ទុកវឌ្ឍនភាពបច្ចេកទេសកំណត់ព្រំដែនសមុទ្រនៅទីក្រុងគូឡាឡាំពួរ ជាជំហានទៅមុខសម្រាប់ប្រទេសជិតខាងទាំងពីរ ព្រមទាំងប្តេជ្ញាធ្វើការដោយសុចរិតភាពជាមួយភាគីថៃ ក្រោមការគាំទ្រពីគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដើម្បីកសាងទំនុកចិត្តឡើងវិញ និងនាំមកនូវផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ និងតំបន់។
 
ចំណែកលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ក៏បានថ្លែងថា ប្រទេសថៃនឹងបន្តចូលរួមប្រកបដោយស្ថាបនាក្នុងដំណើរការសម្រុះសម្រួលនេះ ហើយសង្ឃឹមថា ដំណើរការនេះនឹងនាំមកនូវផលប្រយោជន៍ជាវិជ្ជមានសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
 
ចំពោះជំហានបន្ទាប់ ក្រោយពីដំណើរទស្សនកិច្ចរបស់គណៈកម្មការសម្របសម្រួលទៅកាន់រដ្ឋនីមួយៗ ភាគីទាំងពីរ និងគណៈកម្មការផ្សះផ្សា នឹងបើកកិច្ចប្រជុំបន្តបន្ទាប់ទៀត ដើម្បីពង្រីកវឌ្ឍនភាពដែលសម្រេចបានរហូតមកដល់បច្ចុប្បន្ន និងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការកំណត់ចំណុចរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍៕ទួន សុផល


ads banner