អ៊ីរ៉ង់ព្រមានពីវត្តមានយោធាបរទេសក្នុងតំបន់ឈូងសមុទ្រ ខណៈកូរ៉េខាងត្បូងត្រៀមពង្រីកកងកម្លាំងនៅទីនោះ
តេហេរ៉ង់ ៖ អ៊ីរ៉ង់នៅថ្ងៃសុក្រនេះ បានប្រកាសព្រមានអំពីវត្តមានយោធាបរទេសនៅក្នុងតំបន់ឈូងសមុទ្រ ខណៈកូរ៉េខាងត្បូងត្រៀមពង្រីកប្រតិបត្តិការកងទ័ពជើងទឹករបស់ខ្លួន ទៅកាន់ទីនោះ។
ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងសេអ៊ូលបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយលោក Cho Hyun រដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងត្បូង។ ក្នុងនោះ លោក Cho បានបញ្ជាក់ជាថ្មីថា ទីក្រុងសេអ៊ូលមិនមានបំណងចូលរួមក្នុងសង្គ្រាមណាមួយ ឬបញ្ជូនកងទ័ពទៅកាន់តំបន់ឈូងសមុទ្រនោះទេ។
ជាមួយគ្នានេះ, ស្ថានទូតអ៊ីរ៉ង់បានឱ្យដឹងថា លោក Araqchi បានលើកឡើងថា វត្តមានរបស់យោធាបរទេស «នឹងធ្វើឱ្យភាពតានតឹងកើនឡើង និងពង្រីកវិសាលភាពនៃជម្លោះទៅវិញទេ»។
បើតាម straitstimes, រដ្ឋសភាកូរ៉េខាងត្បូងកំពុងពិនិត្យមើលសំណើរបស់រដ្ឋាភិបាលក្នុងការពង្រីកតំបន់ប្រតិបត្តិការនៃអង្គភាពកងទ័ពជើងទឹក «Cheonghae» របស់ខ្លួន ឱ្យគ្របដណ្តប់លើដែនទឹកខាងក្រៅនៃឈូងសមុទ្រអូម៉ង់ ដើម្បីជួយធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់នាវាពាណិជ្ជកម្មកូរ៉េខាងត្បូង។
អង្គភាព Cheonghae ដែលមានភារកិច្ចប្រឆាំងនឹងចោរសមុទ្រ ត្រូវបានដាក់ពង្រាយនៅក្នុងឈូងសមុទ្រអាដេន (Gulf of Aden) តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។
កូរ៉េខាងត្បូងពន្យល់ថា បេសកកម្មរបស់អង្គភាពកងទ័ពជើងទឹកនេះ គឺដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនកូរ៉េខាងត្បូង និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេស។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល, កូរ៉េខាងត្បូងដែលជាប្រទេសមួយក្នុងចំណោមប្រទេសនាំចូលប្រេង និងឧស្ម័នធំជាងគេបំផុតនៅលើពិភពលោក បាននាំចូលប្រេង ៧០% ពីតំបន់មជ្ឈិមបូព៌ាក្នុងឆ្នាំ ២០២៥ ដោយការដឹកជញ្ជូនភាគច្រើនឆ្លងកាត់ច្រកសមុទ្រហ័រមូស (Strait of Hormuz)៕
ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត